(តៃប៉ិ)៖ នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក ស៊ូ សេង ចាង (Su Tseng-chang) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថា តៃវ៉ាន់មិនចង់បិទទ្វារទំនាក់ទំនងរបស់ខ្លួន ជាមួយចិនទេ ហើយចង់ចូលរួមក្នុងស្មារតីសុឆន្ទៈជាមួយប៉េកាំង។ ប៉ុន្តែ ត្រូវឈរលើមូលដ្ឋានស្មើភាព និងគ្មានលក្ខខណ្ឌនយោបាយ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក ស៊ូ សេង ចាង ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិន បានថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខ សាងគ្រី-ឡា (Shangri-La) នៅប្រទេសសិង្ហបុរីថា រដ្ឋាភិបាលចិនបានស្វែងរកការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ ប៉ុន្តែតៃវ៉ាន់បែរជាជ្រើសរើសយកជម្រើសផ្សេងទៀត ហើយថានឹងមិន ស្ទាក់ស្ទើរឡើយក្នុងការប្រើកម្លាំងយោធា បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។

យ៉ាងណាក៏ដោយ លោក ស៊ូ បានបញ្ជាក់អំពីគោលជំហររបស់លោកស្រី ស្សៃ អ៉ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ជាថ្មីម្តងទៀតថា តៃវ៉ាន់តែងតែមាន បំណងល្អចំពោះចិន «ដរាបណាមានសមភាព, ភាពស្មើគ្នានៃទំនាក់ទំនងទៅវិញទៅមក និងគ្មានលក្ខខណ្ឌនយោបាយ ពោលគឺតៃវ៉ាន់មានឆន្ទៈក្នុងការទំនាក់ទំនង ដោយសុឆន្ទៈជាមួយចិន»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ស្ថិតក្នុងកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយចិនបានព្រមានជារឿយៗថាខ្លួននឹង ប្រើកម្លាំងយោធាលើតៃវ៉ាន់ភ្លាមៗ បើទីក្រុងតៃប៉ិហ៊ានប្រកាសឯករាជ្យផ្ដាច់ខ្លួនពីចិន៕