(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អគ្គរដ្ឋបាលគយនៃប្រទេសចិនបានចេញផ្សាយ ទិន្នន័យស្ថិតិថ្មីបំផុតអំពីពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ដោយបានបង្ហាញថា បើគិតតាមដុល្លារអាមេរិក នៅខែឧសភា ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញ និងនាំចូលនៃប្រទេសចិនបានឡើងដល់ ៥៣,៧៧៤ លានដុល្លារអាមេរិក ដែលបានកើនឡើង ១១,១ ភាគរយ។ ក្នុងនោះ ការនាំចេញបានកើនឡើង ១៦,៩ភាគរយ។

លើសពីនេះទៅទៀត ទំហំពាណិជ្ជកម្មនាំចូលបានកើនឡើង ៤ភាគរយ។ ក្រោមបរិបទដែលជំងឺកូវីដ ១៩ កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបជាមួយបរទេស នៃប្រទេសចិន សម្រេចបាននូវកំណើនយ៉ាងនឹងនរ គឺបានមកដោយមិនងាយទេ ដែលបានបង្ហាញទៅកាន់ពិភពលោក ឱ្យឃើញម្តងទៀត នូវភាពធន់និងសមត្ថភាពងើបឡើងវិញរបស់ប្រទេសចិនយ៉ាងខ្លាំងក្លា។

ជាពិសេស នៅខែឧសភា ឆ្នាំនេះ ទន្ទឹមនឹងវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុងសៀងហៃជាដើម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ស្ថានការណ៍ជាទូទៅបានវិវឌ្ឍទៅរកភាពប្រសើរជាបន្តបន្ទាប់ ទំហំពាណិជ្ជកម្មនាំចេញរបស់តំបន់ដីសណ្តរទន្លេយ៉ាងសេ បានស្តារឡើងវិញយ៉ាងលេចធ្លោ។ នៅខែឧសភា ការនាំចូលនិងការនាំចេញ របស់តំបន់ដីសណ្តទន្លេយ៉ាងសេ បានកើនឡើងជិត ២០ភាគរយ បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២២។ គិតរហូតដល់ថ្ងៃទី២ ខែមិថុនា សន្ទស្សន៍ការដឹកជញ្ជូនទំនិញនាំចេញ តាមរយៈកុងតឺន័រក្នុងទីក្រុងសៀងហៃ បានកើនឡើង ៣សប្តាហ៍ជាប់ៗគ្នា។

បើមើលពីក្របខណ្ឌទូទាំងប្រទេសចិន ផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងតំបន់មួយចំនួនចំពោះ ពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេស គឺមានរយៈពេលខ្លី។ អ្នកវិភាគរបស់ក្រុមហ៊ុន UBS សម្គាល់ឃើញថា ចាប់ពីចុងខែមេសា ឆ្នាំនេះតទៅ ផលប៉ះពាល់ដែលបណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះវិស័យចរាចរណ៍ទំនិញ ផលិតកម្មនិងឆ្លងកាត់គយក៏ត្រូវបន្ធូរបន្ថយហើយ។ អនុលោមតាមការវិភាគរបស់ក្រុមហ៊ុនអន្តរជាតិ ING នៃប្រទេសហូឡង់បានបង្ហាញឱ្យឃើញថា ប្រសិនបើវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិនដំណើរការ ដោយមានប្រសិទ្ធភាព និងតម្រូវការក្នុងក្របខ័ណ្ឌទូទាំងពិភពលោក នៅតែមានភាពខ្លាំងក្លាជាបន្តបន្ទាប់ នោះ ការនាំចេញរបស់ប្រទេសចិន មានការរំពឹងអាចសម្រេចបាន នូវអត្រាកំណើនគិតជាមធ្យមក្នុងមួយឆ្នាំ ១៥ភាគរយ។

ហេតុអ្វីបានជាអ្នកវិភាគដ៏ជំនាញទាំងនេះ មានជំនឿចិត្តចំពោះពាណិជ្ជកម្មបរទេសរបស់ចិន? ជាបឋម គឺដោយមកពីប្រទេសចិន ជាគន្លឹះមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គងសកល ហើយតម្រូវការជាសកលចំពោះទំនិញចិននៅតែមានភាពខ្លាំងក្លាដែរ។ ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ទំហំនាំចេញរបស់ចិនទៅកាន់សមាគមអាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន បានឡើងដល់ ១,៣៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ១២ភាគរយ។ ឯទំហំនាំចេញរបស់ចិនទៅកាន់ សហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំទីពីរ បានកើនឡើង ១៧,៤ភាគរយ ហើយទំហំនាំចេញរបស់ចិនទៅកាន់ សហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មធំទីបីបានកើនឡើង ១២,៩ភាគរយ។

គួររំលឹកដែរថា ចិនត្រូវការពិភពលោក រីឯពិភពលោកវិញក៏មិនអាចឃ្លាតពីប្រទេសចិនដែរ។ មិនថា អ្នកនយោបាយសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិចមួយចំនួនតូច ញុះញង់សហគ្រាសពហុជាតិឱ្យ «ផ្តាច់ទំនាក់ទំនង» ជាមួយប្រទេសចិនយ៉ាងណាក៏ដោយ ក៏វានៅតែជារឿងដែលមិនអាចសម្រេចបាននោះទេ។

ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ត្រូវគេចាត់ទុកជាឧបករណ៍សម្រាប់សង្កេតមើលពីសេដ្ឋកិច្ចចិន។ ក្នុងរយៈពេល ៥ខែកន្លងទៅ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងពីភាពធន់យ៉ាងខ្លាំងក្លា នៃសេដ្ឋកិច្ចចិន។ ប្រការទាំងនេះមិនត្រឹមតែជាព័ត៌មានល្អ ចំពោះប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ចេញភាពកក់ក្តៅ និងរស់រវើកដ៏កម្រមានចំពោះពិភពលោកផងដែរ។

ពេលវេលានឹងបញ្ជាក់ថា ប្រទេសចិនមានសមត្ថភាព និងមានលក្ខខណ្ឌរក្សាសេដ្ឋកិច្ចឱ្យទទួលបាន ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំ ហើយនឹងក្លាយជាកម្លាំងគន្លឹះសម្រាប់លំនឹង ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ផងដែរ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន