(ប៉េកាំង)៖ ថ្ងៃទី១២ ខែមិថុនា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកក្រោមប្រធានបទស្តីពី «ចក្ខុវិស័យរបស់ចិនអំពីសណ្តាប់ធ្នាប់ក្នុងតំបន់» ក្នុងកិច្ចពិភាក្សា Shangri-La ប្រទេសសិង្ហបុរី។

ទាក់ទិននឹងបញ្ហាទំនាក់ទំនងចិន-អាមេរិក លោក Wei Fenghe បានថ្លែងថា ទំនាក់ទំនងចិន-អាមេរិក បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ ហើយចិនសម្គាល់ថា ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និង ពិភពលោក។

ប្រទេសចិននិងសហរដ្ឋអាមេរិកជាប្រទេសធំសំខាន់ទាំងពីរលើពិភពលោក ការសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍនៃពិភពលោក គឺមិនអាចខ្វះពីកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកនោះទេ ការប្រឈមមុខដាក់គ្នា គឺគ្មានប្រយោជន៍ទេសម្រាប់ប្រទេសទាំងពីរនិងពិភពលោក។ ប្រទេសចិនប្រឆាំងចំពោះការប្រើប្រាស់ ការប្រកួតប្រជែងដើម្បីកំណត់ទំនាក់ទំនងចិន-អាមេរិក ប្រសិនបើអាមេរិកទទូចចាត់ទុក ប្រទេសចិនជាការគំរាមកំហែង គូប្រជែងឬសត្រូវ វានឹងធ្វើកំហុសជាយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រ។

ប្រទេសចិនទាមទារឱ្យភាគីអាមេរិក៖ កុំវាយប្រហារ និងលាបពណ៌ចិន, កុំគាបសង្កត់ចិន, កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន, កុំប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ មានតែធ្វើបែបនេះទេ ទើបទំនាក់ទំនងចិន-អាមេរិកត្រូវបានកែលម្អឡើងវិញ។ ជំហររបស់ចិនគឺច្បាស់ណាស់ ៖ ចង់ធ្វើកិច្ចសន្ទនា ត្រូវមានការគោរពគ្នាទៅវិញទៅមក ចង់រួមរស់នៅជាមួយគ្នាត្រូវប្រកបដោយសុខដុមនីយកម្ម ចង់ធ្វើកិច្ចសហប្រតិបត្តិការ ត្រូវផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ បើចង់បង្កការប្រឈមមុខដាក់គ្នា ចិននឹងឆ្លើយតបជារៀងរហូត។

ក្រៅពីនេះ យោធានៃប្រទេសទាំងពីរគួរតែពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក ជៀសវាងការយល់ច្រឡំ និងការវិនិច្ឆ័យខុស គ្រប់គ្រងហានិភ័យនិងវិបត្តិ និងការពារការកកិតនិងការប៉ះទង្គិច។ ប្រទេសចិនរំពឹងទុកថា នឹងអាចបង្កើតទំនាក់ទំនង ភាពជាប្រទេសធំ ដែលវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងល្អប្រសើរ និងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិចិន៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន