(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងកាំភ្លើងធំជាច្រើនគ្រាប់ នៅចន្លោះម៉ោង ៨៖០៧នាទី ដល់ម៉ោង ១១៖០៣នាទីព្រឹក កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះកន្លងទៅនេះ ជាការបង្ហាញសាច់ដុំ មួយថ្ងៃបន្ទាប់ពីលោក គីម ជុងអ៊ុន សន្យាពង្រឹងសមត្ថភាពយោធា។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពធម្មតា នៃការបាញ់សាកល្បងកាំភ្លើងធំរយៈចម្ងាយខ្លី និងរយៈកម្ពស់ទាប។

គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំខាងលើរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន បានបង្ហើបពីគោលបំណងបន្តអភិវឌ្ឍ និងពង្រឹង សមត្ថភាពយោធា ដើម្បីការពារអធិបតេយ្យភាពនៃប្រទេសរបស់លោក ខណៈលោកបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ចំពោះមុខការបារម្ភថាទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ឆាប់ៗនេះ៕