(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨០១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១,៧៩៥ករណី ជាករណីឆ្លងក្នុងស្រុក និង ៦ករណីទៀត ជាករណីនាំចូលពីក្រៅប្រទេស។ ក្រៅពីការរកឃើញ ករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៣៣០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៨៦,៦៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៣៤៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៣លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៨លានដូស ក្នុងនោះប្រជាជនជាង ៥៦.៥៩លាននាក់ (៨១.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៥២.៦៥លាននាក់ (៧៥.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕