(កៀវ)៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានឲ្យដឹងនៅអាទិត្យនេះថា អ៊ុយក្រែនបានបង្កើតផ្លូវពីរឆ្លងកាត់ប្រទេសប៉ូឡូញ និងរូម៉ានី ដើម្បីនាំចេញគ្រាប់ធញ្ញជាតិ និងបញ្ចៀសវិបត្តិស្បៀងអាហារសកល ទោះបីជាមានឧបសគ្គរាំងស្ទះបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានការយឺតយ៉ាវក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២។

លោក Dmytro Senik បាននិយាយថា សន្តិសុខស្បៀងពិភពកំពុងប្រឈមនឹងហានិភ័យ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានរារាំងការនាំចេញគ្រាប់ធញ្ញជាតិទៅកាន់សកលលោក។

គួរបញ្ជាក់ថា អ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេទីបួនរបស់ពិភពលោក ខណៈនាពេលបច្ចុប្បន្នមានគ្រាប់ធញ្ញជាតិប្រហែល ៣០លានតោនកំពុងជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែន ដែលអាជ្ញារធរប្រទេសនេះកំពុងព្យាយាមនាំចេញតាមផ្លូវថ្នល់ ទន្លេ និងផ្លូវដែក។

លោក Senik បាននិយាយថា អ៊ុយក្រែនកំពុងពិភាក្សាជាមួយរដ្ឋបាល់ទិក ដើម្បីបន្ថែមច្រករបៀងទីបីសម្រាប់ការនាំចេញគ្រាប់ធញ្ញាជាតិទាំងនោះ៕