(ប៉េកាំង)៖ ក្រុមមន្ត្រីចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា កុមារភាគច្រើននៅក្នុងទីក្រុងប៉េកាំង នឹងមិនទាន់អាចត្រឡប់ទៅសាលារៀនវិញនៅសប្តាហ៍ក្រោយ ដូចដែលបានគ្រោងទុកនោះទេ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីឆ្លងថ្មីកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

ចិនជាប្រទេសសេដ្ឋកិច្ចដ៏សំខាន់ចុងក្រោយ ដែលនៅតែប្តេជ្ញាបន្តអនុវត្តយុទ្ធសាស្ត្រសូន្យ-កូវីដ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដូចជាការតេស្តទ្រង់ទ្រាយធំ និងការដាក់អ្នកជំងឺ និងអ្នកប៉ះពាល់ឲ្យនៅដាច់ដោយឡែកជាដើម។

អាជ្ញាធរទីក្រុងប៉េកាំងបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជាច្រើននៅដើមសប្តាហ៍នេះ ប៉ុន្តែការឆ្លងរាប់សិបករណីដែលមានប្រភពចេញពីកន្លែងផឹកសុី និងបារបាននាំឲ្យអាជ្ញាធររឹតបន្តឹងវិធានការទប់ស្កាត់មួយចំនួនឡើងវិញ។

អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុង លោក Xu Hejian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា សិស្សបឋមសិក្សា និងមធ្យមសិក្សាភាគច្រើននឹង «បន្តការសិក្សាតាមអនឡាញនៅផ្ទះ» ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា បើយោងតាមគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះចិនបានកត់ត្រាករណីឆ្លងថ្មីចំនួន ១៣៨នាក់ ក្នុងនោះទីក្រុងប៉េកាំង ៦១នាក់ និង១៦នាក់នៅទីក្រុងសៀងហៃ៕