(រ៉ូម)៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃសៅរ៍នេះថា មនុស្ស៥នាក់បានស្លាប់ ក្រោយពីឧទ្ធម្ភាគចក្រមួយគ្រឿងហោះបុកភ្នំ ក្នុងប្រទេសអ៉ីតាលី ខណៈដែលអ្នកដំណើរ ២នាក់បានបាត់ខ្លួនអស់រយៈពេលពីរថ្ងៃមកហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

លោក អីយូនជីណេអូ ជីអានី (Eugenio Giani) អភិបាលតំបន់ ទូសខានី (Tuscany) បានសរសេរនៅលើហ្វេសប៊ុក យ៉ាងដូច្នេះថា ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់បន្ទាប់ពីបុកភ្នំមួយ ស្ថិតក្នុងព្រំប្រទល់នៃតំបន់ Tuscany និង អីមមីលៀ រ៉ូម៉េកណា (Emilia Romagna) ហើយសពមនុស្សចំនួន ៥នាក់ ត្រូវបានរកឃើញនៅថ្ងៃសៅរ៍នេះ។

ឧទ្ធម្ភាគចក្រនេះ បានហោះហើរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពីទីក្រុងលូកា (Lucca) ឆ្ពោះទៅកាន់ភាគខាងជើងទីក្រុងត្រេវីសូ (Treviso) ក្រោយមកក៏បានបាត់ចេញពីប្រព័ន្ធទំនាក់ទំនង ដោយសារតែអាកាសធាតុអាក្រក់វាយប្រហារតំបន់ព្រៃភ្នំ។

គួរបញ្ជាក់ថា នៅលើឧទ្ធម្ភាគចក្រនេះ មានមនុស្សចំនួន៧នាក់ ដែលក្នុងនោះរួមមានពីឡុត និងក្រុមពាណិជ្ជករតួគី ចំនួន៤នាក់ ដែលធ្វើដំណើរទៅចូលរួមក្នុងពិព័ណ៌បច្ចេកវិទ្យា នៅប្រទេសអ៉ីតាលី ខណៈដែលអ្នកដំណើរ២នាក់ទៀតជាជនជាតិលីបង់៕