(ប៉េកាំង)៖ ថ្ងៃទី១០ ខែមិថុនា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិន ដែលកំពុងចូលរួម កិច្ចពិភាក្សា Shangri-la លើកទី១៩ នៅក្រុងសិង្ហបុរី បានជួបពិភាក្សាការងារជាមួយលោក Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលចូលរួមកិច្ចជំនួបស្របពេលដូចគ្នា។

លោក Wei Fenghe បានថ្លែងថា បច្ចុប្បន្ន សន្តិភាពនិងការអភិវឌ្ឍដែលជាប្រធានបទយុគសម័យកំពុងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ គំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកល និងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខជាសកល ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន បានចង្អុលបង្ហាញ ទិសដៅដ៏ត្រឹមត្រូវចំពោះមនុស្សជាតិដើម្បីយកឈ្នះវិបត្តិ។

សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នាគាំពាររបស់ប្រទេសនានាក្នុងតំបន់។ ប្រទេសចិនរំពឹងទុកថានឹងអាច បង្កើតទំនាក់ទំនងប្រទេសសំខាន់ដែលវិវឌ្ឍទៅមុខយ៉ាងល្អប្រសើរ និងប្រកបដោយស្ថិរភាពជាមួយសហរដ្ឋអាមេរិក ហើយវាក៏ជាទិសដៅនៃ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ចិននិងសហរដ្ឋអាមេរិកផងដែរ។

សហរដ្ឋអាមេរិកគួរតែគិតពិចារណាប្រកបដោយវិចារណញ្ញាណចំពោះការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសចិន កុំវាយប្រហារ និងលាបពណ៌ ទៅលើប្រទេសចិន ក៏ដូចជាគាបសង្កត់ប្រទេសចិន កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសចិន មានតែធ្វើបែបនេះ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកទើបអាចប្រសើរឡើងវិញ។

ក្នុងកិច្ចជំនួប ភាគីទាំងពីរបានយល់ឃើញថា យោធានៃប្រទេសទាំងពីរគួរតែអនុវត្តគំនិតឯកភាពរួមដ៏សំខាន់ដែល ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានឈានដល់រក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្តជាន់ខ្ពស់ បង្កើនទំនុកចិត្តយុទ្ធសាស្ត្រទ្វេភាគី គ្រប់គ្រងការខ្វែងគំនិតឱ្យបានល្អ កុំឱ្យការខ្វែងគំនិតក្លាយជាការប៉ះទង្គិចប្រឈមមុខដាក់គ្នា៕