(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែមិថុនា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មាន សម្រាប់ប្រព័ន្ធសារព័ត៌មានចិន និងបរទេសនៅកន្លែងបើកធ្វើកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ដោយណែនាំពីស្ថានភាពនៃ កិច្ចជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក។

លោក Wu Qian បានលើកឡើងថា ក្នុងអំឡុងកិច្ចពិភាក្សា លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានរំលឹកឡើងវិញនូវ គោលជំហរដ៏រឹងមាំរបស់ប្រទេសចិនលើបញ្ហាតៃវ៉ាន់។ លោកបានថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយ ហើយតំបន់តៃវ៉ាន់ជា ផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ពីទឹកដីរបស់ចិនបានឡើយ។

គោលការណ៍មានចិនតែមួយគឺជាមូលដ្ឋានគ្រឹះផ្នែកនយោបាយនៃទំនាក់ទំនងចិន-អាមេរិក ការយកបញ្ហាតំបន់តៃវ៉ាន់មកគាបសង្កត់ប្រទេសចិន គឺទៅមិនរួចទេ។ បើអ្នកណាហ៊ានបំបែកបំបាក់តៃវ៉ាន់ឱ្យចេញពីចិន នោះកងទ័ពចិនប្រាកដជាធ្វើសង្រ្គាម និងបង់តម្លៃទាំងអស់ ដើម្បីកម្ទេចកលល្បិចបំបែកបំបាក់របស់ «ពួកចង់ឱ្យតៃវ៉ាន់ឯករាជ្យ» ក្នុងន័យគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីចិន យ៉ាងម៉ឺងម៉ាត់។

លោក Wu Qian បានបន្តថាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង លោក Wei Fenghe បានចង្អុលបង្ហាញថា ប្រទេសក្នុងតំបន់មានឆន្ទៈ មានតម្រិះប្រាជ្ញា និងមានសមត្ថភាពសម្រាប់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងបានយ៉ាងសមរម្យ។ ការជ្រៀតជ្រែកពីកម្លាំងមិនមែនប្រទេស ក្នុងតំបន់គឺជាកត្តាអស្ថិរភាពដ៏ធំបំផុតនៅសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកគួរតែចាត់វិធានការជាក់ស្តែងដើម្បីធ្វើរឿងដែលមាន ប្រយោជន៍ដល់ស្ថិរភាពនៃសមុទ្រចិនខាងត្បូង កុំចេះតែបង្កើតទំនាស់ បង្កជម្លោះ និងនិយាយបំផ្លើសឱ្យមានការប្រឈមមុខដាក់គ្នា៕