(ប៉េកាំង)៖ កិច្ចសន្ទនា Shangri-La បានបើកធ្វើនៅថ្ងៃទី១០ខែមិថុនានៅសិង្ហបុរី។ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរចិន និងអាមេរិក ចូលរួមវេទិកាពហុភាគីដ៏សំខាន់ដែលផ្តោតសំខាន់លើសន្តិសុខអាស៊ីប៉ាស៊ីហ្វិកលើកនេះ។ ជាងមួយខែមុន រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក ធ្លាប់សន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពីនេះមិនជាយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានបង្ហាញជាសាធារណៈថា រំពឹងទុកអាចជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការពារជាតិចិនក្នុងកិច្ចសន្ទនា Shangri-La។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងអាមេរិកកំពុងស្ថិតក្នុងផ្លូវបំបែកដ៏សំខាន់។ តើចិន និងអាមេរិកនឹងបដិបក្ខគ្នា ឬក៏សន្ទនាគ្នា និងធ្វើកិច្ចសហប្រតិបត្តិការ? តើនឹងធ្វើការប្រកួតប្រជែងផលបូកសូន្យ ឬក៏ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ? គោលជំហររបស់ភាគីចិនគឺច្បាស់លាស់និងជាប់លាប់ ដូច្នេះ ភាគីអាមេរិកគួរតែគិតពិចារណាឱ្យបានល្អថា តើត្រូវធ្វើជម្រើសយ៉ាងណា។

ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរចិន និងអាមេរិកគឺជាចំណែកដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែដោយសារភាគីអាមេរិក បានបង្ករឿងហេតុនិងដាក់សម្ពាធទៅលើប្រទេសចិនឥតឈប់ឈរ បានជាបណ្តាលឱ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរចិន និងអាមេរិក ប្រឈមនឹងការលំបាកនិងបញ្ហាជាច្រើន។

ការគ្រប់គ្រងហានិភ័យនៃកងទ័ពចិន និងអាមេរិក គឺមានសារសំខាន់ណាស់ចំពោះការជំរុញទំនាក់ទំនងរវាងចិន និងអាមេរិក ឱ្យវិលត្រឡប់ទៅ រកភាពប្រក្រតីវិញ ពោលគឺធ្វើអភិវឌ្ឍរួមដោយរឹងមាំនិងប្រកបដោយសិ្ថរភាព។ ប្រទេសចិនរំពឹងទុកថា អាចបង្កើតទំនាក់ទំនងរវាងប្រទេសធំៗ ដែលធ្វើអភិវឌ្ឍរួមដោយរឹងមាំនិងប្រកបដោយសិ្ថរភាព ហើយក៏មុខជានឹងគាំពារផលប្រយោជន៍និងសេចកី្តថ្លៃថ្នូរជាតិជាក់ជាមិនខាន ដូច្នេះ សហរដ្ឋអាមេរិក មិនត្រូវវាយតម្លៃទាបចំពោះការប្តេជ្ញាចិត្តនិងសមត្ថភាពរបស់ចិននោះឡើយ៕