(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិនូវែសេឡង់ លោក ភីនី ហេណារ៉េ (Peeni Henare) បាននិយាយថាបណ្ដាប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហិ្វក ទាំងអស់ មានសេរីភាពធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយចិន ខណៈចិនកំពុងបង្កើនទំនាក់ទំនងយោធា កាន់តែជិតសិ្នទ្ធ ជាមួយប្រទេសក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Reuters នៅថ្ងៃសៅរ៍នេះ កំលុងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី សាងគ្រីឡា (Shangri-La) នៅក្នុងប្រទេស សិង្ហបុរី លោក ហេណារ៉េ បានបញ្ជាក់ដូច្នេះថា «ការងាររបស់ពួកយើងគឺគាំទ្រពួកគេ។ ពួកគេមានសេរីភាពក្នុងការធ្វើការសម្រេចចិត្ត ដោយខ្លួនឯង។ យើងនឹងបន្តគោលនយោបាយបែបនេះ...ហើយយើងមិនអាចធ្វើជាអ្នកសម្រេចចិត្តជំនួសពួកគេបានឡើយ»

គួរបញ្ជាក់ថា នូវែលសេឡង់ ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលបានបង្ហាញក្ដីបារម្ភជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ ក្រោយ ប្រទេសដែនកោះសូឡូម៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន កាលពីខែមេសា កន្លងទៅ។ អាមេរិក និងអូស្ត្រាលី ចោទថា តាមរយៈកិច្ចព្រមព្រៀងសន្តិសុខនេះ ចិនមានបំណងដាក់មូលដ្ឋានទ័ពនៅលើដែនដីសូឡូម៉ុន ប៉ុន្តែប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាគោលដៅចម្បងរបស់ខ្លួន គឺពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសូឡូម៉ុន តែប៉ុណ្ណោះ៕