(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណូប៊ូអុ គីស៊ី (Nobuo Kishi) នៅថ្ងៃសៅរ៍នេះបានធ្វើការអត្ថាធិប្បាយថាសមយុទ្ធយោធារួមគ្នា រវាងចិន និងរុស្ស៉ី បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខនៅក្នុងតំបន់អាស៉ីបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលសន្តិសុខអាស៉ី សាងគ្រីឡា (Shangri-La) នៅក្នុងប្រទេសសិង្ហបុរី លោក គីស៊ីបានគូសបញ្ជាក់ ដូច្នេះថា «ជប៉ុនកំពុងត្រូវបានហ៊ុមព័ទ្ធដោយតួអង្គដែលកាន់កាប់ ឬកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងដែលមិនអើពើនឹងច្បាប់»

កាលពីខែឧសភាកន្លងទៅនេះ ចិន និងរុស្ស៉ីបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ ដោយបានចេញប្រតិបត្តិការល្បាតរួមគ្នារយៈពេល ១៣ម៉ោង នៅលើតំបន់សមុទ្រជប៉ុន និងតៃវ៉ាន់ ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៉ី Tu-95 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន Xian H-6។

ជុំវិញប្រតិបត្តិការល្បាតនេះដែរ លោក Kishi បានកត់សម្គាល់ថា «ប្រតិបត្តិការចេញល្បាតរួមគ្នារវាងមហាអំណាចយោធាដ៏រឹងមាំទាំងពីរនេះ នឹងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងចំណោមប្រទេសដទៃទៀត»។ លោកបន្ថែមថាសន្តិសុខ និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ក៏មានសារៈសំខាន់ផងដែរសម្រាប់សន្តិសុខរបស់ប្រទេសជប៉ុន និងពិភពលោកទាំងមូល។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានធ្វើឱ្យទីក្រុងតូក្យូ មានការព្រួយបារម្ភយ៉ាងខ្លាំងថាការប្រើកម្លាំងយោធាអាចនឹងកា្លយជា មធ្យោបាយ ដើម្បីដោះស្រាយជម្លោះអន្តរជាតិ ហើយលើកទឹកចិត្តឱ្យចិនព្យាយាមគ្រប់គ្រងកោះតៃវ៉ាន់ ដែលស្ថិតនៅជិតជប៉ុន៕