(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន នៅថ្ងៃសៅរ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងប្រឹងប្រែងគ្រប់គ្រង ភាពតានតឹងជាមួយចិន ក៏ដូចជាបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើង បើទោះជាទីក្រុងប៉េកាំងកាន់តែបង្កអស្ថិរភាព និងការសម្លុតគំរាម នៅក្នុងតំបន់ អាស៊ី ក្នុងនោះរួមមានទាំងនៅក្បែរតៃវ៉ាន់ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

លោក ឡយដ៍ អូស្ទីន ធ្វើការកត់សម្គាល់ខាងលើនាឱកាសចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី សាងគ្រីឡា (Shangri-La) រៀបចំឡើង នៅសិង្ហបុរី និងបន្ទាប់ពីបានជួបពិភាក្សាក្នុងជំនួបទល់មុខជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

បើតាមលោក អូស្ទីន សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះមានទាំងកោះតៃវ៉ាន់ផងដែរ។ ប្រមុខការពារជាតិ អាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាពិតជាមានសារៈសំខាន់បំផុត (ឈរជាមួយសម្ព័ន្ធមិត្ត) ខណៈចិនកាន់តែប្រកាន់យកគោលជំហរ បង្កអស្ថិរភាព និងការសម្លុតគំរាម ចំពោះដែនដីដែលខ្លួនកំពុងទាមទារ។ តែទោះជាបែបនេះក្ដី យើងនឹងប្រឹងប្រែងគ្រប់គ្រងភាពតានតឹងនេះ ប្រកបដោយការទទួលខុសត្រូវ និងបន្តរក្សាសន្តិភាព និងភាពរីកចម្រើន»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានប្រាប់លោក ឡយដ៍ អូស្ទីន ជាមួយ ព្រមានថាទីក្រុងប៉េកាំង នឹងមិនរារែកចិត្តឡើយក្នុងការធ្វើសង្រ្គាម ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានជនទី៣ណាមួយបំបែកតៃវ៉ាន់ ចេញពីចិន។ ការព្រមានបែបនេះកើតមានឡើងនៅចំពេលស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹងឡើង ក្រោយលោក ចូ បៃដិន កាលពីខែឧសភាកន្លងទៅ បានប្រកាសជាសាធារណៈថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់ បើមានការវាយប្រហារពីចិន៕