(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហ៉ី (Wei Fenghe) បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក ឡយដ៍ អូស្ទីន ថាទីក្រុងប៉េកាំង នឹងមិនរារែកចិត្តឡើយ ក្នុងការធ្វើសង្រ្គាម ប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានជនទី៣ណាមួយបំបែកតៃវ៉ាន់ចេញពី ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

ការព្រមានខាងលើរបស់លោក វ៉ី ហ្វេងហ៉ី ធ្វើឡើងនៅក្នុងជំនួបទល់មុខដោយផ្ទាល់ជាលើកដំបូងរបស់លោក ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន កំលុងកិច្ចប្រជុំសាងគ្រីឡា (Shangri-La) រៀបចំឡើងនៅសិង្ហបុរី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

តាមរយៈការដកស្រង់សម្ដីរបស់លោក វ៉ី ហ្វេងហ៉ី នៅក្នុងជំនួបនោះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ជៀន (Wu Qian) បាន បានឱ្យដឹងថា លោក វ៉ី បានព្រមានលោក អូស្ទីនថា នរណាក៏ដោយឱ្យតែហ៊ានបំបែកតៃវ៉ាន់ចេញពីចិន នោះកងទ័ពចិននឹងមិនរារែកចិត្ត ឡើយ ក្នុងការធ្វើសង្រ្គាម ទោះជាត្រូវលះបង់តម្លៃណាក៏ដោយ។ លោក ជៀន បន្ថែមថាតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន...ហើយការប្រើតៃវ៉ាន់ ដើម្បីគ្រប់គ្រងចិន នឹងមិនទទួលបានជោគជ័យ ទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលចិនធ្វើការព្រមានពីលទ្ធភាពផ្ទុះសង្រ្គាម តែគួរឱ្យកត់សម្គាល់ការព្រមាននៅពេលនេះ កើតមានឡើងនៅចំពេលស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពី ខែឧសភាកន្លងទៅ បានប្រកាសជាសាធារណៈថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាដើម្បីការពារកោះតៃវ៉ាន់ ប្រសិនបើមាន ការវាយប្រហារពីចិន៕