(មូស្គូ)៖ រុស្ស៊ី និងចិនបានបើកសម្ពោធស្ពានឆ្លងព្រំដែនថ្មីមួយនៅភាគខាងកើតនៅថ្ងៃសុក្រ ទី១០ មិថុនានេះ ដែលពួកគេសង្ឃឹមថា នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀត ខណៈកំណើតសេដ្ឋកិច្ចទីក្រុងម៉ូស្គូបានដើរថយក្រោយ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មលើសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ស្ពានតភ្ជាប់ទីក្រុង Blagoveshchensk របស់រុស្ស៊ី ទៅកាន់ទីក្រុង Heihe របស់ប្រទេសចិន ឆ្លងកាត់ទន្លេ Amur ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា Heilongjiang មានប្រវែងជាង ១គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ៣៤២លានដុល្លារអាមេរិក។

អាជ្ញាធររុស្ស៊ីបាននិយាយថា ស្ពាននេះនឹងនាំទីក្រុងមូស្គូ និងទីក្រុងប៉េកាំងកាន់តែជិតស្និទ្ធជាមួយគ្នា ដោយការជំរុញពាណិជ្ជកម្មបន្ថែម បន្ទាប់ពីពួកគេបានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» កាលពីខែកុម្ភៈ ដែលមិនយូរប៉ុន្មានមុនពេលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងឈ្លានពានប្រទេសអ៊ុយក្រែន៕