(ប៉េកាំង)៖ កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រី Salome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ី បានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍ នៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រី Salome Zurabishvili ក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី Salome Zurabishvili បានលើកឡើងថា ភាគីហ្សកហ្ស៊ីបានផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍទំនាក់ទំនងជាមេត្រីភាព រវាងហ្សកហ្ស៊ីនិងចិន ហើយមានឆន្ទៈរួមគ្នាជាមួយប្រទេសចិនធ្វើការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជំរុញវិបុលភាពរួមនៃប្រទេសទាំងពីរ៕

ដោយ វិទ្យុមិត្តភាពកម្ពុជាចិន