(ស៉ីដនី)៖ មេដឹកនាំនៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃសុក្រនេះបានប្តេជ្ញាថា នឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរ ឆ្ពោះទៅកាន់ «កម្រិតថ្មីមួយ» តាមរយៈបង្កើនកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង លើបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានគូសបញ្ជាក់ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងស៊ីដនី ជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) ថា «យើងកំពុងស្ថិតក្នុងការធ្វើឱ្យទំនាក់ទំនង កាន់តែជិតស្និតនៅក្នុងតំបន់ប៉ាស៊ីហ្វិក ខណៈប្រទេសទាំងពីរ បានចែករំលែកគ្នាទៅវិញទៅមក ជុំវិញការព្រួយបារម្ភអំពីបញ្ហានៅក្នុងតំបន់ ចំពេលដែលប្រទេសចិន កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់»។ លោក Albanese បានបន្ថែម ថា «លោកស្រី Ardern និងខ្ញុំ បានប្តេជ្ញាថា នឹងនាំយក ទំនាក់ទំនងប្រទេសទាំងពីរ ទៅកាន់កម្រិតថ្មីមួយ»។ លោក Albanese បានសន្យាជាមួយប្រជាជននៃបណ្ដាប្រទេសប្រជុំកោះប៉ាស៉ីហ្វិកថា នឹងផ្តោតការយកចិត្តទុកដាក់ថ្មី លើការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ជីវិតរស់នៅរបស់ពួកគេ។

លោកស្រី Ardern ដែលជាមេដឹកនាំបរទេសដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ចាប់តាំងពីការឡើងកាន់ តំណែងរបស់លោកស្រី បានស្វាគមន៍ជំហរថ្មីរបស់ប្រទេសអូស្ត្រាលីស្តីពីអាកាសធាតុ ដោយលើកឡើងថា ការឈ្នះឆ្នោតបានបង្ហាញពី «ឱកាសសម្រាប់ការកំណត់ឡើងវិញ» នៃទំនាក់ទំនងរបស់ពួកគេ។ លោកស្រី Ardern បានបន្ថែមថា «ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកល ដែលជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់របស់យើង ហើយយើងពិតជាចង់ធ្វើការ ជាមួយនឹងដៃគូប៉ាស៊ីហ្វិករបស់យើង ដើម្បីដោះស្រាយការគំរាមកំហែងដ៏សំខាន់នេះណាស់»

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដែនកោះសូឡូម៉ុន (Solomon) ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលបានមើលឃើញបណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកថា ជាផ្នែកនៃឥទ្ធិពលរបស់ពួកគេអស់ រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ៕