(ឡុងដ៍)៖ ជនជាតិអង់គ្លេស២នាក់ និងជនជាតិម៉ារ៉ុក១នាក់ ដែលត្រូវបានគេចាប់ខ្លួន ពេលកំពុងជួយអ៊ុយក្រែនប្រយុទ្ធតទល់ ជាមួយកងទ័ពរុស្ស៉ី ត្រូវបានផ្តន្ទាទោសប្រហារជីវិត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយតុលាការនៅតំបន់ផ្តាច់ខ្លួន DPR ដែលស្ថិតក្នុងតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

តុលាការខាងលើបានរកឃើញថា បុរសទាំង៣នាក់នោះ រួមមានឈ្មោះ អៃដិន អាស្លីន (Aiden Aslin) និងសន ភីនណឺ (Shaun Pinner) ដែលជាជនជាតិអង់គ្លេស ព្រមទាំងឈ្មោះ ប្រាហ៉ីម សាដូន (Brahim Saadoun) ដែលជាជនជាតិម៉ារ៉ុក មានទោសពីបទធ្វើសកម្មភាពជាទាហានស៉ីឈ្នួល និងប្រព្រឹត្តទង្វើដែលមានគោលដៅដណ្តើមអំណាច និងផ្តួលរំលំរដ្ឋាភិបាលរបស់ DPR។

ក្រុមអ្នកប្រយុទ្ធបរទេសទាំង៣នាក់ ត្រូវបានគេចាប់ខ្លួនពេលកំពុងជួយកងទ័ពអ៊ុយក្រែន ប្រយុទ្ធតទល់ជាមួយកងទ័ពរុស្ស៉ី និងកងកម្លាំងគាំទ្រដោយរុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានបើកការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ មេធាវីរបស់ពួកគេបានអះអាងថា ពួកគេនឹងធ្វើការប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចរបស់តុលាការ DPR។ រីឯអ៊ុយក្រែននិងចក្រភពអង់គ្លេស ក៏បានចេញមុខរិះគន់ធ្ងន់ៗលើ ការកាត់ទោសនេះផងដែរ។

គួរបញ្ជាក់ថា DPR ស្ថិតក្នុងចំណោមតំបន់ផ្តាច់ខ្លួនចំនួន២ ដែលគាំទ្រដោយរុស្ស៉ី នៅតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន។ តំបន់ទាំង២នោះហើយ ដែលទីក្រុងមូស្គូបានប្រកាសទទួលស្គាល់ជារដ្ឋឯករាជ្យ ប៉ុន្មានថ្ងៃមុនលើកទ័ពឈ្លានពានលើអ៊ុយក្រែន និងជាទីដែលខ្លួនអះអាងថា កំពុងតែព្យាយាមរំដោះចេញពី ដៃកងកម្លាំងរបស់អ៊ុយក្រែន។ ដោយឡែក កន្លងមកនេះ អ៊ុយក្រែនក៏បានធ្វើការកាត់ទោសលើ ទាហានរុស្ស៉ីប៉ុន្មាននាក់ ដែលត្រូវបានចាប់ខ្លួនផងដែរ៕