(ឡូសអាន់ជែលឡែស)៖ ក្រុមបាតុករតវ៉ាជាច្រើននាក់ បានប្រមូលផ្ដុំគ្នាតវ៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលទ្វីបអាមេរិក ក្នុងទីក្រុង ឡូស អាន់ជែលឡែស កាលពីរសៀល នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ហើយបាតុករជាស្ត្រីម្នាក់ ត្រូវបានប៉ូលិសម្នាក់មកពីកងការពារសម្ងាត់ ចាប់បោកផ្ដួលទៅលើដី កំលុងស្រែកតវ៉ាកណ្ដាលផ្លូវ ខណៈក្បួនរថយន្ដលោកប្រធានាធិបតីអាមេរិក ចូ បៃដិនជិតមកដល់។ នេះបើតាមការដកស្រង់ចេញផ្សាយពីទូរទស្សន៍ FOX 11 Los Angeles នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

ក្រុមបាតុករបានប្រមូលផ្ដុំគ្នា ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋបាលលោក ចូ បៃដិន សម្រាប់ការមិនបានអញ្ជើញប្រទេសមួយចំនួនចូលរួមក្នុង កិច្ចប្រជុំកំពូលទ្វីបអាមេរិក រួមទាំងគោលនយោបាយមួយចំនួនផងដែរ។ ដោយឡែកក្នុងពេលតវ៉ានោះដែរ កាមេរ៉ាទូរទស្សន៍ FOX 11 បានថតជាប់ បាតុករជាស្ត្រីម្នាក់ កំពុងស្រែកតវ៉ានៅចំកណ្ដាលផ្លូវ ខណៈក្បួនរថយន្ដលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជិតមកដល់។ ប៉ុន្តែភ្លាមនោះប៉ូលិសម្នាក់ មកពីកងការពារសម្ងាត់ បានចេញមកចាប់អូស និងចាប់បោកស្ត្រីរូបនេះទៅលើដី។

គួរបញ្ជាក់ថា បាតុកម្មតវ៉ា ត្រូវបានបិទបញ្ចប់នៅម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃពុធសប្ដាហ៍នេះ រីឯកិច្ចប្រជុំកំពូលទ្វីបអាមេរិក ត្រូវប្រព្រឹត្តទៅបន្តដល់ថ្ងៃសុក្រ សប្ដាហ៍នេះ៕