(ហែលស៉ិនគី)៖ រដ្ឋាភិបាលហ្វាំងឡង់ គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រំដែន ដើម្បីអនុញ្ញាតឲ្យមានការសាងសង់ជញ្ជាំងព្រំដែនភាគខាងកើត របស់ខ្លួន ជាមួយរុស្ស៉ី សំដៅពង្រឹងការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងណាមួយ ខណៈមូស្គូនៅតែធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

គម្រោងធ្វើវិសោធនកម្មច្បាប់ខាងលើរបស់ហ្វាំងឡង់ ក្នុងនោះរួមមានសំណើរ ដើម្បីប្រមូលផ្តុំការទទួលពាក្យសុំសិទ្ធិជ្រកកោន នៅឯច្រកចូលពិសេសតែប៉ុណ្ណោះ ខណៈក្រោមច្បាប់របស់សហភាពអឺរ៉ុបដែលមានស្រាប់ គឺជនចំណាកស្រុកមានសិទ្ធិស្នើសុំសិទ្ធិជ្រកកោន នៅនឹងកន្លែងណាមួយដែលបានកំណត់ទៅកាន់ប្រទេស ជាសមាជិករបស់ខ្លួន។

រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសហ្វាំងឡង់ លោកស្រី គ្រីសស្តា មីកកូនិន (Krista Mikkonen) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «រដ្ឋាភិបាលនឹងធ្វើ ការសម្រេចចិត្តលើការសាងសង់រនាំងខណ្ឌចែកព្រំដែន ក្នុងតំបន់សំខាន់ៗនៅភាគខាងកើត ដោយផ្អែកតាមការវាយតម្លៃរបស់ឆ្មាំព្រំដែនហ្វាំងឡង់»

គួរបញ្ជាក់ថា ហ្វាំងឡង់ ដែលកំពុងស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ហើយធ្លាប់មានប្រវត្តិធ្វើសង្រ្គាមជាមួយរុស្ស៉ីនោះ, មានតំបន់ព្រំដែនគ្របដែល ដណ្តប់ដោយព្រៃឈើរវាងប្រទេសទាំងពីរ និងត្រូវបានកំណត់ដោយស្លាកសញ្ញា និងខែ្សបន្ទាត់ប្រវែង ១,៣០០គីឡូម៉ែត្រ។ ចំពោះមុខស្ថានការណ៍នៅអ៊ុយក្រែន រដ្ឋាភិបាលហ្វាំងឡង់ បាន និងកំពុងប្រញាប់ប្រញាលពង្រឹងសន្តិសុខតាមព្រំដែន ស្របពេលមានការបារម្ភថា រុស្ស៉ីអាចប៉ុនប៉ងដាក់សម្ពាធលើហ្វាំងឡង់ ដោយការបញ្ជូនអ្នកស្វែងរកសិទ្ធជ្រកកោនមកកាន់ព្រំដែនរបស់ខ្លួន ដូចជាករណីរដែលសហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុស ថាបានបញ្ជូនជនចំណាកស្រុក រាប់រយនាក់ កាលពីចុងឆ្នាំមុន៕