(បែរឡាំង)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) បានស្ដីបន្ទោសមេដឹកនាំបារាំង និងអាល្លឺម៉ង់ ជុំវិញការជជែកគ្នាតាមទូរស័ព្ទរបស់ពួកគេ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយលើកឡើងថា វាប្រៀបបានដូចជាការនិយាយចរចា ជាមួយអតីតមេដឹកនាំណាហ្ស៉ីអាល្លឺម៉ង់ លោក អាដូហ្វ អ៉ីត្លែរ (Adolf Hitler) ក្នុងកំលុងសង្គ្រាមលោកលើកទី២ យ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជជែកគ្នាតាមទូរស័ព្ទជាមួយលោក ពូទីន ជាច្រើនលើក ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានចាប់ផ្ដើម ហើយជាពិសេសនោះគឺលោក Macron បានធ្វើឱ្យអ៊ុយក្រែនមានការខឹងសម្បារយ៉ាងខ្លាំង តាមរយៈការនិយាយថា មិនគួរធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខឡើយ ដើម្បីរក្សាឱកាសសម្រាប់ដំណោះស្រាយបញ្ហាការទូត។

លោក Duda បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអាល្លឺម៉ង់ ប៊ីល (Bild) ដែលបានចេញផ្សាយជាលើកដំបូងនៅលើ Channel YouTube កាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថា ការពិភាក្សាគ្នាបែបនេះ បានធ្វើឱ្យការធ្វើសង្រ្គាមខុសច្បាប់ទៅជាស្របច្បាប់ នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Duda បានលើកឡើងដូច្នេះថា «តើមាននរណាម្នាក់និយាយបែបនេះ ជាមួយ Hitler ក្នុងកំលុងសង្គ្រាមលោកលើកទី២ទេ? តើមាននរណាម្នាក់និយាយថា Hitler មិនគួរត្រូវធ្វើឱ្យអាម៉ាស់មុខឬទេ? ឬក៏និយាយថា កុំធ្វើអ្វីឱ្យ Hitler បាក់មុខដែរឬអត់? ខ្ញុំមិនដែលបានឮពាក្យទាំងនេះទាល់តែសោះ»

បើតាមវិមានប្រធានាធិបតីបារាំង អេលីសេ (Elysee), នៅក្នុងការជជែកគ្នាតាមទូរស័ព្ទរួមគ្នាជាមួយលោក ពូទីន កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ លោក Scholz និង Macron បានជំរុញឱ្យលោក ពូទីន ដោះលែងក្រុមកងកម្លាំងអ្នកប្រយុទ្ធអ៊ុយក្រែន ប្រហែល ២,៥០០នាក់ ដែលត្រូវបានឃាត់ខ្លួន នៅរោងចក្រដែកថែប Azovstal នៃទីក្រុង Mariupol ហើយជជែកគ្នាដោយផ្ទាល់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy)។

គួរបញ្ជាក់ថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៉ីពិពណ៌នាថាជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន បានបង្កការបំផ្លិចបំផ្លាញចំពោះទីក្រុងជាច្រើន និងបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ព្រមទាំងបានបង្ខំឱ្យមនុស្សជាង ៧លាននាក់ភៀសខ្លួនចេញពីប្រទេស៕