(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃបានសម្រេចផ្តល់ភាពស្របច្បាប់ ចំពោះការដាំដុះកញ្ឆា និងការបរិភោគវា នៅក្នុងចំណីអាហារនិងភេសជ្ជៈ ប៉ុន្តែការប្រើប្រាស់សម្រាប់គោលដៅកម្សាន្ត នៅតែជាទង្វើខុសច្បាប់ដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

ប្រទេសថៃ ដែលមានប្រពៃណីប្រើប្រាស់កញ្ឆា ដើម្បីជួយបំបាត់ការឈឺចាប់ និងភាពនឿយហត់នោះ បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់វា នៅក្នុងផ្នែកវេជ្ជសាស្រ្តដោយស្របច្បាប់ កាលពីឆ្នាំ២០១៨។ ដោយសង្ឃឹមថា វានឹងអាចក្លាយជាដំណាំលក់បានផលចំណេញច្រើន រដ្ឋាភិបាលថៃ គ្រោងនឹងចែកចាយកញ្ឆារាប់លានដើម ដើម្បីជំរុញលើកទឹកចិត្តឱ្យកសិករខ្លួន នាំគ្នាចាប់យកការដាំដុះវា។

យ៉ាងណាក្តី អាជ្ញាធរថៃមានគោលដៅ ទប់ស្កាត់ការស្ទុះឡើងនៃការប្រើប្រាស់កញ្ឆា សម្រាប់ការកម្សាន្ត តាមរយៈការរឹតត្បិតកម្រិតឥទ្ធិពលរបស់វា នៅក្នុងផលិតផល។ ចំណែក អ្នកដែលចង់ដាំដុះកញ្ឆា គឺត្រូវតែចុះឈ្មោះក្នុងកម្មវិធី App របស់រដ្ឋាភិបាល ឈ្មោះ «ភ្លូកកញ្ឆា (PlookGanja)»។ បើតាមមន្រ្តីសុខាភិបាលថៃ មនុស្សជិត១០០,០០០នាក់ហើយ បានចុះឈ្មោះក្នុងកម្មវិធីនេះ។

គួរបញ្ជាក់ថា ទោះបីចាមានការអនុញ្ញាត កាន់តែទូលំទូលាយជាងមុន បុគ្គលដែលបំពានច្បាប់ពាក់ព័ន្ធការប្រើប្រាស់កញ្ឆា ក្នុងប្រទេសថៃ នៅតែអាចប្រឈមការជាប់ពន្ធនាគារ និងការពិន័យជាប្រាក់ដដែល៕