(ម៉ាឌ្រីដ)៖ ភ្លើងឆេះព្រៃនៅតំបន់ភ្នំភាគខាងត្បូងប្រទេសអេស្ប៉ាញ បានបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីទីក្រុង បេណាហាវីស (Benahavis) ដែលមានប្រជាជនរស់នៅចំនួន ៧,០០០នាក់ និងបានបង្កឱ្យអ្នកពន្លត់អគ្គីភ័យចំនួន ៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

បើតាមនាយកដ្ឋានគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃ (INFOCA) នៃតំបន់ អាន់ដាលូសៀ (Andalusia), ភ្លើងឆេះព្រៃខាងលើ បានចាប់ផ្តើមឡើង កាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ នៅជម្រាលភ្នំ ភូជើរ៉ា (Pujerra) នៃជួរភ្នំសេរ៉ា បឺមេហ្សៀន (Sierra Bermejain) ដែលស្ថិតនៅលើតំបន់ កូស្តា ឌែល សូល (Costa del Sol) ជាទីទាក់ចិត្តសម្រាប់ភ្ញៀវទេសចរអង់គ្លេស នៅលើតំបន់ឆ្នេរ Andalusia។ បើតាម INFOCA អាកាសធាតុក្តៅ និងខ្យល់បក់ខ្លាំង បានបង្កឱ្យភ្លើងឆេះព្រៃនេះកាន់តែរីករាលដាល។

ក្រុមអ្នកពន្លត់អគ្គិភ័យជាង ២០០នាក់មកពីនាយកដ្ឋាន INFOCA រួមជាមួយបុគ្គលិកយោធា ១០០នាក់ និងក្រុមអ្នកពន្លត់អគ្គិភ័យ ៥០នាក់មកពីតំបន់ Costa del Sol កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ។

អភិបាលតំបន់ Andalusia លោក ហ័រម៉ា ម៉ូរេណូ (Juanma Moreno) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «គួរឱ្យសោកស្ដាយណាស់ យើងត្រូវបានរាយការណ៍ឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យចំនួន ៣នាក់មកពីនាយកដ្ឋាន INFOCA បានទទួលរងរបួស ដោយក្នុងចំណោមនោះ ២៥ភាគរយនៃខ្លួនប្រាណរបស់ភ្នាក់ងារម្នាក់ បានរងការរលាក និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃទីក្រុង ម៉ាឡាហ្កា (Malaga) ភ្លាមៗ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃមួយទៀត បានកើតឡើងនៅតំបន់ភ្នំដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីយ៉ាងហោចណាស់ ៧,៧៨០ហិកតា ឱ្យទៅជាផេះ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ពេលនោះ ក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល ១,០០០នាក់ ជាមួយយន្តហោះប្រហែល ៥០គ្រឿង បានធ្វើការដើម្បីពន្លត់វា៕