(ប៉េកាំង)៖ យន្តហោះចម្បាំង១គ្រឿងរបស់កងទ័ពអាកាសចិន នាថ្ងៃព្រហស្បតិ៍នេះ បានធ្លាក់ទៅចំតំបន់ផ្ទះសម្បែង ក្នុងទីក្រុង សៀងយ៉ាង (Xiangyang) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចម្នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

ស្ថានីយទូរទស្សន៍ចិន CCTV បានរាយការណ៍ថា យន្តហោះចម្បាំងខាងលើប្រភេទ J-7 ស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺន នៅខេត្ត Hubei ពេលដែលវាធ្លាក់ និងបង្កឱ្យលំនៅឋានប៉ុន្មានខ្នង ទទួលរងការខូចខាត។ ជនស៉ីវិលម្នាក់នៅកន្លែងកើតហេតុ បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀត បានរងរបួស។

គួរបញ្ជាក់ថា សម្រាប់ពីឡុតវិញ គឺបានទទួលរងរបួសស្រាល ក្រោយចុចកៅអីផ្តាច់ចេញពីយន្តហោះចម្បាំងរបស់ខ្លួន ដោយជោគជ័យ។ ទាំងពីឡុត និងជនស៉ីវិលដែលរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ។ ទន្ទឹមគ្នា អាជ្ញាធរចិនកំពុងបើកការស៉ើបអង្កេតទៅលើ ករណីធ្លាក់យន្តហោះចម្បាំងនេះ៕