(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការប្រយុទ្ធដើម្បីការពារទីក្រុងស៉ីវីយ៉េរ៉ូដូណេត (Sievierodonetsk) អាចសម្រេចជោគវាសនានៃសង្គ្រាមក្នុងតំបន់បាស់ ភាគខាងកើតនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «នៅក្នុងទិដ្ឋភាពជាច្រើន ជោគវាសនានៃតំបន់ដុនបាស់ (Donbas) កំពុងត្រូវបានពឹងផ្អែកនៅទីនោះ (Sievierodonetsk)។ លោកបន្ថែមថា កងកម្លាំងរបស់លោកបានបង្កការខាតបង់យ៉ាងខ្លាំងដល់កងកម្លាំងសត្រូវ។ ប៉ុន្តែបើតាមមន្ត្រីកំពូល អ៊ុយក្រែនប្រចាំតំបន់ កងកម្លាំងអ៊ុយក្រែនត្រូវបានរុញត្រឡប់មកតំបន់ជាយក្រុងវិញ។

លោក ស៊ែរហ៊ី ហ្គៃដៃ អភិបាលតំបន់លូហាន់ (Luhansk) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កងកម្លាំងអ៊ុយក្រែន បានដកថយ បន្ទាប់ពី ប្រទេសរុស្ស៉ីបានចាប់ផ្តើមវាយបកដោយការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។

គួរបញ្ជាក់ថា បើតាមអភិបាលតំបន់រូបនេះ ជនស៊ីវិលប្រហែល ១៥,០០០នាក់នៅតែស្ថិតក្នុងទីក្រុង Sievierodonetsk និងទីក្រុង លីស៊ីឆាន់ (Lysychansk)៕