(ញូយ៉ក)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ផលវិបាកដែលកើតចេញអំពីសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន គឺកាន់តែអាក្រក់ទៅៗ ដែលទំនងជាមានមនុស្សប្រមាណ ១.៦ ពាន់លាននាក់ រងផលប៉ះពាល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងរបាយការណ៍លើកទី២ របស់ UN ស្តីអំពីផលប៉ះពាល់នៃសង្រ្គាម លោក ហ្គូតឺរ៉េស បានគូសបញ្ជាក់ថា «ផលប៉ះពាល់នៃសង្រ្គាមលើ វិស័យសន្តិសុខស្បៀង ថាមពល និងហិរញ្ញវត្ថុជាប្រព័ន្ធ គឺកាន់តែធ្ងន់ធ្ងរទៅៗ ហើយកំពុងវិវឌ្ឍន៍ទៅមុខផងដែរ»។ លោកបានបន្ថែមថាសម្រាប់ មនុស្សជុំពិភពលោក សង្រ្គាមបានគំរាមកំហែងដល់ពួកគេឲ្យធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ដែលមិនធ្លាប់មានពីមុនមក ហើយនឹង បន្សល់ទុកនូវភាពវឹកវរផ្នែកសង្គមនិងសេដ្ឋកិច្ចទៀតផង ខណៈវិបត្តិស្បៀងអាហារក្នុងឆ្នាំ២០២២នេះ ជាសញ្ញាបង្ហាញអំពីការខ្វះខាតលទ្ធភាព ទទួលបានស្បៀងអាហារនៅឆ្នាំក្រោយ។

លោក ហ្គូតឺរ៉េស បានទទូចថា មានតែវិធីមួយគត់ដើម្បីបញ្ចប់ព្យុះភ្លៀងនៃវិបត្តិនេះ គឺការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជាមួយគ្នានេះ ប្រមុខនៃ ស្ថាប័នកំពូលរបស់ពិភពលោករូបនេះ ក៏បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងរួម ដែលអនុញ្ញាតឲ្យមានការនាំចេញស្បៀងអាហារដែលផលិត ដោយអ៊ុយក្រែន តាមច្រកសមុទ្រខ្មៅដោយសុវត្ថិភាព និងការនាំចូលស្បៀងអាហាររបស់រុស្ស៉ី ទៅកាន់ទីផ្សារពិភពលោកដោយគ្មានការរារាំង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ UN មានប្រទេសចំនួន ៩៤ ដែលមានប្រជាជនប្រហែល ១.៦ ពាន់លាននាក់ កំពុងជួបការខ្វះខាត ស្បៀងអាហារធ្ងន់ធ្ងរ និងមិនអាចដោះស្រាយបាន។ ជាមួយគ្នានេះ សង្រ្គាមអាចបង្កើនចំនួនប្រជាជនដែលគ្មានសុវត្ថិភាពស្បៀងអាហារ រហូតដល់ចំនួន ៣២៣លាននាក់ នៅដំណាច់ឆ្នាំ២០២២នេះ៕