(ប៉េកាំង)៖ «តើភូមិភាគស្វយ័តស៊ីនជាំងមានបញ្ហាឬអត់ យើងបានដឹងច្បាស់ណាស់ ប៉ុន្តែការយកបញ្ហាស៊ីនជាំងធ្វើជាលេស ដើម្បីឃោសនាបំប៉ោងពីការបង្ខំឱ្យធ្វើពលកម្ម ការប្រល័យពូជសាសន៍និងវាយប្រហារបញ្ហាសិទ្ធិមនុស្ស គឺជាមធ្យោបាយប្រកបដោយប្រសិទ្ធភាពមួយ គោលបំណងចុងក្រោយរបស់វា គឺធ្វើឱ្យរដ្ឋាភិបាលចិនធ្លាក់ក្នុងភក់ជ្រាំទាំងស្រុង»។ ពាក្យសម្តីរបស់អតីតមន្ត្រីការទូតអាមេរិកប្រចាំនៅប្រទេសចិន ដែលត្រូវប្រព័ន្ធសារព័ត៌មានបែកធ្លាយនៅពេលថ្មីៗកន្លងទៅនេះ បានកែប្រែការយល់ដឹងរបស់មនុស្ស ចំពោះខ្សែបន្ទាត់របស់មនុស្សមួយចំនួន របស់សហរដ្ឋអាមេរិកម្តងទៀត។

តាមការផ្សាយដំណឹងឱ្យដឹងថា ដើម្បីទទួលការសហការនិងគាំទ្រពីសហគ្រាសអាមេរិក លោកស្រី Sheila Carey អ្នកទទួលខុសត្រូវ និងជាកុងស៊ុលផ្នែកសេដ្ឋកិច្ច និងនយោបាយនៃអគ្គស្ថានកុងស៊ុលអាមេរិក ប្រចាំនៅក្រុង Guangzhou និងលោក Andrew Chira ធ្លាប់បានបកស្រាយពីកលល្បិចស្តីពី «ការលេងសន្លឹកបៀស៊ីនជាំង» ក្នុងពិធីជប់លៀងផ្ទៃក្នុងមួយលើក ដែលបើកធ្វើនៅឆ្នាំ២០២១។ ពេលនោះ ឥស្សរជនសភាពាណិជ្ជកម្មនៅហ្នឹងកន្លែងសុទ្ធតែបង្ហាញថា តើការប្រឌិតពាក្យចចាមអារ៉ាម អំពីភូមិភាគស្វយ័តស៊ីនជាំងនឹងនាំមកនូវផលប្រយោជន៍ណាខ្លះដល់ពួកគេ?

ប្រសិនបើដំណឹងនេះជាការពិត នោះអ្នកផងទាំងពួងគឺគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ ពីព្រោះ ភាគីអាមេរិកធ្វើអ៊ីចឹងមិនមែន មានតែមួយលើកនោះទេ។ ចំនៅចុងខែឧសភា ទាក់ទិននឹងរឿងដែលលោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សទៅបំពេញទស្សនកិច្ចនៅប្រទេសចិន សហរដ្ឋអាមេរិកក៏បានបង្កើតរឿងកំប្លែងនយោបាយមួយលើកដែរ។

មុនពេលបំពេញទស្សនកិច្ច សហរដ្ឋអាមេរិកទាមទារឱ្យលោកស្រី ចុះទៅពិនិត្យអង្កេតនៅភូមិភាគស្វយ័តស៊ីនជាំង ប៉ុន្តែនៅពេលជិតទៅបំពេញទស្សនកិច្ច សហរដ្ឋអាមេរិកក៏បានសម្តែងការប្រឆាំង។ បច្ចុប្បន្ននេះ ដំណើរទស្សនកិច្ច បានបញ្ចប់ហើយ ហើយលោកស្រី Michelle Bachelet បានបង្ហាញយ៉ាងច្បាស់លាស់ថា លោកស្រីបានសំណេះសំណាល និងផ្លាស់ប្តូរមតិយោបល់ជាមួយ ឥស្សរជនគ្រប់មជ្ឈដ្ឋានស៊ីនជាំង ដោយគ្មានការដាក់កំហិតនិងត្រួតពិនិត្យអីសោះ ប៉ុន្តែក្រសួងការបរទេសអាមេរិកបានមួលបង្កាច់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Bachelet បានរងការដាក់កំហិតនិងញុះញង់ ហើយលើបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក សឹងតែលេចចេញសំឡេង ដែលទាមទារឱ្យលោកស្រី Michelle Bachelet លាលែងពីមុខតំណែង។

ប៉ុន្តែគ្មានពាក្យកុហកណាអាចបិទបាំង នូវការពិតជាក់ស្តែងដែលសង្គមភូមិភាគស្វយ័តស៊ីនជាំង មានសុខសន្តិភាពនិងវិបុលភាព ហើយប្រជាជនមានជីវភាពរស់នៅប្រកបដោយសុភមង្គល និងប្រកបអាជីវកម្មដោយសប្បាយរីករាយនោះទេ។ តាមទិន្នន័យដែលរដ្ឋបាលភូមិភាគស្វយ័តស៊ីនជាំង បានប្រកាសឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ឱកាសការងារថ្មីនៅតាមទីក្រុងនិងជនបទ នៃស៊ីនជាំងមានជាង ២សែន ៦ម៉ឺន ៣ពាន់នាក់ ដែលបានសម្រេច៥៧,១៧ភាគរយ នៃគោលដៅចំនួន៤សែន៦ម៉ឺននាក់ពេញមួយឆ្នាំ។ ប្រជាជនភូមិភាគស៊ីនជាំងជាច្រើនបានលើកឡើងថា ខ្លួនបង្កើតជីវភាពរស់នៅដ៏ល្អបវរតាមរយៈពលកម្ម នៅត្រូវការគេបង្ខំទេ? ភាគីអាមេរិកប្រឌិតពាក្យកុហកតាមទំនើងចិត្ត គ្រាន់តែចង់ទប់ស្កាត់សេដ្ឋកិច្ចរបស់ភូមិភាគស្វយ័តស៊ីនជាំង ក្នុងវិស័យខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីរារាំងដំណើរទំនើបភាវូបនីយកម្មនៃសង្គមនិងសេដ្ឋកិច្ចស៊ីនជាំង។

អ្នកផងទាំងពួងមានហេតុផលសង្ស័យថា «សង្គ្រាមប្រឆាំងនឹងភេរវកម្ម» ដែលសហរដ្ឋអាមេរិកបំផុសនោះបណ្តាល ឱ្យប្រជាជនមូស្លឹមដ៏ច្រើនរាប់មិនអស់ស្លាប់និងរងរបួស ហេតុអ្វីបានជា «យកចិត្តទុកដាក់» តែជនជាតិមូស្លឹមនៃភូមិភាគស្វយ័តស៊ីនជាំង? អ្នកនយោបាយអាមេរិក គួរតែបកស្រាយឱ្យបានច្បាស់ នូវពាក្យកុហកអំពីភូមិភាគស្វយ័តស៊ីនជាំង ដែលពួកគេបានប្រឌិតនេះ!

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន