(វ៉ាស៊ីនតោន)៖ ស្ទើរតែគ្រប់ប្រធានាធិបតីទាំងអស់របស់សហរដ្ឋអាមេរិ ក នៅក្រោយសម័យសង្រ្គាមត្រជាក់ សុទ្ធតែធ្លាប់បានព្យាយាមបិទមូលដ្ឋានទ័ព និងកាត់បន្ថយកងទ័ពអាមេរិកមួយចំនួន ដែលឈរជើងនៅក្រៅប្រទេស ជាពិសេសក្នុងតំបន់អឺរ៉ុបតែម្ដង ភ្ជាប់ជាមួយពាក្យស្លោកមួយឃ្លាដ៏មាន មនោសញ្ចេតនា នោះគឺ «នាំកងទ័ពរបស់យើងត្រឡប់មកផ្ទះវិញ»។ ប៉ុន្តែ ការព្យាយាមនេះមិនបានកែប្រែអ្វីឡើយ ដោយម្ចាស់ ស្នាដៃ សៀវភៅ ក្រោម ចំណងជើង ៖ « Base Nation: How U.S. Military Bases Overseas Harm America and the World» លោក ដាដីដ វាញ (David Vine) បានឱ្យដឹងថា សហរដ្ឋអាមេរិកមានមូលដ្ឋានទ័ព នៅក្រៅប្រទេសជាង ៨០០ទីតាំង នៅក្នុងប្រទេស និងដែនដីចំនួន ៧០ នៅជុំវិញពិភពលោក។

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១២ បានបញ្ជាឱ្យដកកងទ័ពអាមេរិកចំនួន ២កងពលតូច ចេញពីប្រទេសអាល្លឺម៉ង់ តែក្រោយមកលោកផ្ទាល់បានសម្រេចចិត្តលុបចោលបទបញ្ជានេះវិញ ក្រោយរុស្ស៉ីក្រសោបយកឧបទ្វីបគ្រីមៀ ពីអ៊ុយក្រែន។ ដូចគ្នាដែរ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដកកងទ័ពអាមេរិក ១២,០០០នាក់ចេញពីអាល្លឺម៉ង់សាជាថ្មី ប៉ុន្តែបទបញ្ជានេះត្រូវបានលោក ចូ បៃដិន លុបចោល បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។

បើតាមលោក David Vine នៅលើ ពិភពលោក មាន ប្រទេស ចំនួន ១១ ប៉ុណ្ណោះ ដែលមាន មូលដ្ឋានទ័ព របស់ខ្លួន នៅ បរទេស ហើយ បើ បូក បញ្ចូល គ្នា ទៅប្រទេសទាំងអស់នេះ មាន មូលដ្ឋានទ័ព នៅក្រៅ បរទេស ប្រមាណ ៧០ ទីតាំង ប៉ុណ្ណោះ ។ សហរដ្ឋអាមេរិកដែលជាមហាអំណាចយោធាលេខ១ នៅលើ ពិភពលោក និងដែលមានកញ្ចប់ថវិកាយោធាជាង ៧០០ពាន់លានដុល្លារក្នុងមួយឆ្នាំ បានចំណាយប្រាក់ជាង ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ លើមូលដ្ឋានទ័ពក្រៅប្រទេស។ សារធារណៈមតិអាមេរិក តែងតែរិះគន់ចំពោះគោលនយោបាយបញ្ជូនកងទ័ព និងការបន្តរក្សាមូលដ្ឋានទ័ពច្រើនហួសហេតុ នៅក្រៅប្រទេស ដោយសារតែពួកគេយល់ថាធ្វើឱ្យសហរដ្ឋអាមេរិកត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ ចេញទៅក្រៅប្រទេស ហើយចុងបញ្ចប់ប្រាក់ទាំងនោះ ត្រូវយកចេញពីហោរប៉ាវរបស់ប្រជាជនអាមេរិកដែលជាអ្នកបង់ពន្ធ។

សម្រាប់ក្រុមអ្នកប្រឆាំងសង្រ្គាម មូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីប្រទេសដទៃ គឺជាផ្នែកមួយនៃអសន្តិសុខពិភពលោក, ជាយុទ្ធសាស្ត្រហួសសម័យ និង ដើម្បីរក្សាតំណែងជាមហាអំណាចយោធាលេខ១ផុតលេខតែប៉ុណ្ណោះ ហើយនេះគឺជាពាក្យដែលមនស្សទូទៅតែងតែស្ដាប់ឭ។ យ៉ាងណាក៏ដោយ បើតាម ក្រុមអ្នកជំនាញ ក្នុងការរក្សាឥទ្ធិពលរបស់ខ្លួននៅជុំវិញពិភពលោក សហរដ្ឋអាមេរិកមានហេតុផលសំខាន់២ នោះគឺ «កំញើញសត្រូវ និងធានាចំពោះសម្ព័ន្ធមិត្ត»។

នៅក្នុងសៀវភៅមានចំណងជើងថា «Arms and Influence» លោក ថូម៉ាស់ សែលលីង (Thomas Schelling) បានពន្យល់ពីសារៈសំខាន់នៃមូលដ្ឋានទ័ព ក្រៅប្រទេស តាមរយៈការលើកឡើងពីប្រវត្តិសាស្ត្រក្នុងសម័យសង្រ្គាមត្រូជាក់។ លោក ថូម៉ាស់ បានលើកឡើងថា ប៉ុស្តិ៍យោធាអាមេរិកចំនួន ៧០០០ទីតាំង នៅក្នុងទីក្រុងបែរឡាំងខាងលិច អាចការពារទីក្រុងមួយនេះកំឡុងសម័យសង្រ្គាមត្រជាក់ តាមរយៈការបញ្ជូនសារកំញើញទៅកាន់សហភាពសូវៀតផង និងសារប្ដេជ្ញាចិត្ត ទៅកាន់សម្ព័ន្ធមិត្ត NATO របស់ខ្លួនផង។ មកទល់នឹងបច្ចុប្បន្ន យុទ្ធសាស្ត្របែបនេះនៅតែមានប្រសិទ្ធភាពខ្លះដែរ ដ្បិតនយោបាយការបរទេសអាមេរិក នៅតែពឹងផ្អែកលើ «ប្រព័ន្ធសម្ព័ន្ធមិត្ត»។ ការសិក្សាស្រាវជ្រាវជាច្រើនក៏បានរកឃើញដែរថាការដាក់មូលដ្ឋានទ័ព នៅក្រៅប្រទេសនៅតែជាជម្រើសល្អក្នុង «ការកំញើញសត្រូវ និងធានាចំពោះសម្ព័ន្ធមិត្ត»។

ជាក់ស្ដែង គណៈកម្មការយុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិក (National Defense Strategy Commission) បាននិយាយថា «ប្រសិនបើអាមេរិក មានបំណងបញ្ចៀសជម្លោះយោធានៅក្នុងតំបន់ណាមួយ នោះអាមេរិកត្រូវតែរក្សាឱ្យបាននូវសមត្ថភាពកំញើញសត្រូវ និងគ្រប់គ្រងកុំឱ្យជម្លោះរាលដាល ហើយដើម្បីអាចធ្វើបែបនេះបាន ទាល់តែមានមូលដ្ឋានទ័ពនៅក្រៅប្រទេស»។ តែទោះជាបែបនេះ សង្រ្គាមនៅអ៊ុយក្រែនកំពុងជំរុញឱ្យអ្នករៀបចំ គោលនយោបាយអាមេរិកខ្លះចាប់ផ្ដើមលើកឡើងពីការសង្ស័យពីប្រសិទ្ធភាពនៃការកំញើញសត្រូវរបស់សហរដ្ឋអាមេរិក។ ពីព្រោះថាទោះបីជារុស្ស៉ីមិនបាន វាយប្រហារលើសមាជិក NATO ណាមួយក៏ពិតមែន តែលោក ពូទីន នៅតែអាចធ្វើសង្រ្គាមនៅអ៊ុយក្រែនបាន ទោះជាបីជាអាមេរិកមានមូលដា្ឋនទ័ព នៅពាសពេញអឺរ៉ុបក៏ដោយ។

មួយវិញទៀត នៅពីក្រោយការកំញើញសត្រូវ ការធានា ឬការប្ដេជ្ញាចិត្តការពារចំពោះសម្ព័ន្ធមិត្ត បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស និងមានការចោទសួរថាតើ ហេតុអ្វីបានជាសហរដ្ឋអាមេរិកចាំបាច់ត្រូវផ្ដល់ការធានាដល់សម្ព័ន្ធមិត្តជាអាទិភាព? ហើយថាតើហេតុអ្វីបានជាប្រទេសជឿនលឿនដូចជាជប៉ុន និងកូរ៉េខាងត្បូង មិនមានសមត្ថភាពការពារខ្លួនឯង ដោយគ្មានសហរដ្ឋអាមេរិក? នេះគឺជាបញ្ហាដែលអ្នកនយោបាយអាមេរិកបានលើកឡើងជាក្ដីកង្វល់ ជាយូរណាស់មកហើយ។ តួយ៉ាង លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចំៗថាសម្ពិន្ធមិត្តអាមេរិក រួមទាំង NATO មិនបានបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួន នោះទេ ដោយដេកចាំតែពឹងតែលើអាមេរិក ហើយដល់ថ្នាក់លោក ត្រាំ និយាយថា «សម្ព័ន្ធមិត្តរបស់ពួកយើងបានទាញយកប្រយោជន៍ពីពួកយើង ច្រើនជាង សត្រូវរបស់ពួកយើងទៅទៀត»។ បានន័យថា វត្តមានយោធាអាមេរិកនឹងធ្វើឱ្យសម្ព័ន្ធមិត្តកាន់តែពឹងផ្អែកលើសហរដ្ឋអាមេរិក ដើម្បីទទួលបានការធានា សន្តិសុខជាចាំបាច់ ជាជាងអភិវឌ្ឍសមត្ថភាពការពារជាតិខ្លួនឯង ហើយកាលណាបើពឹងផ្អែកលើអាមេរិករឹតតែខ្លាំង នោះពួកគេក៏ត្រូវផ្ដល់សម្បទានកាន់តែ ច្រើនតាមដែលអាមេរិកត្រូវការផងដែរ។

ក៏ប៉ុន្តែ ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន ការរីកចម្រើននៃអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមទាំងសង្រ្គាមនៅអ៊ុយក្រែន អ្នកជំនាញជាច្រើនចាប់ផ្ដើមយល់ថាសហរដ្ឋអាមេរិកបានបើកដៃបន្តិចម្ដងៗឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនអាចអភិវឌ្ឍសមត្ថភាពការពារខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះជាឧទាហរណ៍ដូចជា ការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី នៅក្រោមសម្ព័ន្ធភាពសន្តិសុខ AUKUS ជាដើម។

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា «America is back» បន្ទាប់ពីអាមេរិកដើរតាម នយោបាយការបរទេស «America First» អស់រយៈពេល ៤ឆ្នាំ នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ ដូច្នេះ ប្រសិនបើលោក បៃដិន ពិតជាចង់បញ្ជូនពាក្យ «America is back» នេះឱ្យចូលជ្រាបដល់សម្ព័ន្ធមិត្តរបស់ខ្លួន នោះមូលដ្ឋានទ័ពអាមេរិកនៅក្រៅប្រទេសនឹងក្លាយជាយាន ដ៏សំខាន់ក្នុងការបញ្ជូនសារពីការប្ដេជ្ញាចិត្ត និងធានាការពារសម្ព័ន្ធមិត្ត។ ដោយសារសង្រ្គាមនៅអ៊ុយក្រែន ច្បាស់ណាស់ប្រទេសក្នុងតំបន់អឺរ៉ុប ជាពិសេសគឺ អឺរ៉ុបខាងកើត នឹងកាន់តែគាំទ្រវត្តមានមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីរបស់ពួកគេ ដើម្បីកំញើញរុស្ស៉ី៕

ប្រភព៖ war on the rocks