(រ៉ាម៉ាឡា)៖ របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ការកាន់កាប់ និងការរើសអើងរបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន គឺជាមូលហេតុចម្បងនៃ «អំពើហិង្សា»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មការស៊ើបអង្កេតអន្តរជាតិថ្មី របស់អង្គការសហប្រជាជាតិស្តីពីទឹកដីប៉ាឡេស្ទីន រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើត និងអ៊ីស្រាអែល បានចេញផ្សាយរបាយការណ៍ដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារ។

គណៈកម្មាធិការក៏បានកត់សម្គាល់ផងដែរថា និទណ្ឌភាពជំរុញឱ្យមានការអាក់អន់ចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន។ ការជម្លៀសទីលំនៅដោយបង្ខំ ការគំរាមកំហែងនៃការផ្លាស់ទីលំនៅដោយបង្ខំ ការរុះរើសំណង់ ការពង្រីកការតាំងទីលំនៅពីសំណាក់ប្រជាជនអ៊ីស្រាអែល និងការបិទតំបន់ហ្គាហ្សា ជាកត្តារួមចំណែកដែលបំផុសឲ្យមានអំពើហិង្សា។

ក្រុមអ្នកស៊ើបអង្កេតដែលត្រូវបានតែងតាំងកាលពីឆ្នាំមុន ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើល «មូលហេតុដើមទាំងអស់» នៃជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលច្បាស់ណាស់ គឺគ្មានចេតនាក្នុងការបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនឡើយ៕