(រីយ៉ូ)៖ ប៉ូលិសប្រេស៉ីល បានបើកការស៉ើបអង្កេតឧក្រិដ្ឋកម្ម និងសាកសួរសាក្សីយ៉ាងហោចចំនួន៤នាក់ ដែលគេជឿជាក់ថា ស្ថិតក្នុងចំណោមក្រុមមនុស្សចុងក្រោយ ដែលបានឃើញអ្នកកាសែតជនជាតិអង់គ្លេស និងអ្នកជំនាញជនជាតិដើមភាគតិចម្នាក់ ដែលបាត់ខ្លួននៅតំបន់ដាច់ស្រយាលនៃព្រៃអាម៉ាហ្សូន (Amazon) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

ប្រធាននាយកដ្ឋានកិច្ចការផ្ទៃក្នុងរបស់ប៉ូលិស ប្រចាំរដ្ឋ អាម៉ាហ្សូណាស់ (Amazonas) ប្រទេសប្រេស៉ីល លោក ហ្គីលហេម តូរ៉េស (Guilherme Torres) បានប្រាប់ Reuters ថា ប៉ូលិសបានបើកការស៉ើបអង្កេតឧក្រិដ្ឋកម្ម និងសម្ភាសន៍សាក្សី៤នាក់ ព្រមទាំងកំពុងព្យាយាមស្វែងរកអ្នកកាសែតឯករាជ្យ គឺ លោក ដុម ហ្វីលីព (Dom Phillips) និងដៃគូគឺ លោក ប្រូណូ ភឺរៀរ៉ា (Bruno Pereira) ដែលជាអតីតមន្ត្រីជាន់ខ្ពស់មួយរូប ទីភ្នាក់ងារទទួលបន្ទុកកិច្ចការជនជាតិដើមភាគតិច ហៅថាកាត់ថា FUNAI។ ប៉ូលិស បានសួរចម្លើយអ្នកនេសាទ ចំនួន២នាក់ កាលពីថ្ងៃចន្ទ និង២នាក់ទៀត នៅថ្ងៃអង្គារ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិត អំពីចម្លើយរបស់ពួកគេនោះទេ គ្រាន់តែដឹងថា លោក ភឺរៀរ៉ា បានទទួលសំបុត្រគំរាមកំហែងពីអ្នកនេសាទក្នុងតំបន់ម្នាក់ ដែលប៉ូលិសកំពុងព្យាយាមកំណត់អត្តសញ្ញាណ។

លោក តូរ៉េស បានគូសបញ្ជាក់ថា «យើងកំពុងតាមដានលើសម្មតិកម្ម ដែលថាឧក្រិដ្ឋកម្មអាចនឹងកើតឡើងក្នុងករណីនេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការស្វែងរកឲ្យអ្នកបាត់ខ្លួនដោយសង្ឃឹមថា ពួកគេនៅរស់រានមានជីវិត ហើយការបើកការស៉ើបអង្កេតឧក្រិដ្ឋកម្មនេះ គឺដើម្បីស្រាវជ្រាវថាតើ មានការប្រពឹត្តិបទឧក្រិដ្ឋដែរឬអត់»

គួរបញ្ជាក់ថា លោក Pereira និង Phillips ដែលធ្លាប់សរសេរអត្ថបទព័ត៌មានឱ្យកាសែតអង់គ្លេស ដឺ ហ្គាឌៀន (The Guardian) និង កាសែតអាមេរិក វ៉ាស៉ីនតោន ប៉ុស្តិ៍ (Washington Post) ជាដើម ក្នុងចំណោមស្ថាប័នព័ត៌មានដទៃៗទៀត បានបាត់ខ្លួន កំលុងពេលធ្វើដំណើររាយការណ៍ព័ត៌មាន នៅឯជ្រលង ចាវ៉ារី (Javari)។ ក្រោយកើតហេតុ កងទ័ពប្រេស៉ីល និងអង់គ្លេស បានបញ្ជូនក្រុមស្វែងរកតាមទូក និងឧទ្ធម្ភាគចក្រ ទៅកាន់តំបន់នោះ ដោយមានការគាំទ្រពីប៉ូលិសសហព័ន្ធ និងរដ្ឋរបស់ប្រេស៉ីលផងដែរ៕