(អូស្លូ)៖ ក្រសួងការពារជាតិនៃប្រទេសន័រវែស នៅថ្ងៃពុធនេះបានប្រកាសថា ន័រវែសបានបរិច្ចាគប្រព័ន្ធកាំភើងធំ ហោវីតសឺ (Howitzer) សរុបចំនួន២២គ្រឿង ឱ្យទៅអ៊ុយក្រែន រួមជាមួយគ្រឿងបន្លាស់ និងគ្រាប់រំសេវផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិន័រវែស លោក ប្យន អារីដ ហ្ក្រាម (Bjorn Arild Gram) បានថ្លែងថា ស្ថានការណ៍វិវត្តន៍នៃសង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញពីភាពចាំបាច់ ក្នុងការបរិច្ចាគបរិក្ខារយោធា និងប្រព័ន្ធសព្វាវុធធុនធ្ងន់ជាងមុន ទៅកាន់ទីក្រុងកៀវ។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិន័រវែស បានលើកឡើងថា រដ្ឋាភិបាលន័រវែសបានរង់ចាំឱកាស ដើម្បីប្រកាសអំពីដំណឹងនៃការបរិច្ចាគនេះ ជាសាធារណៈ ដោយសារតែហេតុផលសន្តិសុខ ប៉ុន្តែការបរិច្ចាគនាពេលក្រោយៗទៀត អាចនឹងមិនត្រូវប្រកាស ឬក៏ទទួលបានការធ្វើអត្ថាធិប្បាយអ្វីទាំងអស់។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ន័រវែសបានប្រាប់ថា ខ្លួនក៏បានផ្តល់ការហ្វឹកហាត់ ដល់កងទ័ពអ៊ុយក្រែន អំពីការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ Howitzer នៅអាល្លឺម៉ង់ផងដែរ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា ប្រព័ន្ធសព្វាវុធទាំងនេះ ត្រូវបានប្រគល់ឱ្យអ៊ុយក្រែន តាំងពីពេលណាឡើយ។ តាមពិតទៅ ន័រវែសត្រូវគេសង្ស័យថា បានបញ្ជូនប្រព័ន្ធកាំភ្លើងធំ Howitzer ឱ្យអ៊ុយក្រែន ជាច្រើនសប្តាហ៍មកហើយ ខណៈថ្មីៗនេះ រុស្ស៉ីទើបតែបានអះអាងថា ខ្លួនបានកម្ទេចប្រព័ន្ធកាំភ្លើងធំ Howitzer ធុន M109 ១គ្រឿង នៅអ៊ុយក្រែន ដែលបរិច្ចាគដោយន័រវែស៕