(ប៉េកាំង)៖ «កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកលើកនេះ ប្រហែលនឹងក្លាយជាសញ្ញាមួយបង្ហាញថា កម្លាំងដឹកនាំរបស់អាមេរិកនៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ។» នេះជាការវាយតម្លៃរបស់ ប្រព័ន្ធសារព័ត៌មានមួយរបស់ប្រទេសម៉ិកស៊ិក។ តាមការកំណត់ កិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកលើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែមិថុនា។ យ៉ាងណាមិញ កាលពីខែមេសា ឆ្នាំនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា គ្មានគម្រោងអញ្ជើញមេដឹកនាំរបស់គុយបា នីការ៉ាហ្កានិងវ៉េណេស៊ុយអេឡា ឱ្យទៅចូលរួមកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកលើកនេះទេ ដោយយកអ្វីដែលហៅថា «បញ្ហាប្រជាធិបតេយ្យធ្វើជាលេស» ប្រការនេះញ៉ាំងឱ្យ បណ្តាប្រទេសនៅអាមេរិកឡាទីន និងសហគមន៍អន្តរជាតិមិនពេញចិត្ត។

ឆ្នាំនេះ សហរដ្ឋអាមេរិករៀបចំធ្វើកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេលជិត ៣០ឆ្នាំ។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះ ត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យរដ្ឋាភិបាលលោក ចូ បៃដិន អធិប្បាយអំពីគោលនយោបាយ ចំពោះប្រទេសអាមេរិកឡាទីន ប៉ុន្តែពេលមុននេះ មេដឹកនាំរបស់ប្រទេសម៉ិកស៊ិក និងប្រទេសការ៉ាប៊ីនមួយចំនួនបានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលលោក ចូ បៃដិន ច្រានចោលប្រទេសទាំង ៣ ដូចពោលខាងលើនេះ មិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិកនោះ ពួកគេក៏មិនព្រមចូលរួមដែរ។

គួររំលឹកថា មូលហេតុដែលប្រទេសអាមេរិកឡាទីន មានប្រតិកម្មយ៉ាងខ្លាំងដូចនេះ និយាយពីឬសគល់គឺ ដោយមកពីពួគេបាននិងកំពុងរង ការគាបសង្កត់ពីសហរដ្ឋអាមេរិកជាយូរណាស់មកហើយ។ សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ «ម៉ុងរ៉ូនិយម» ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា «ទីធ្លាខាងក្រោយក្នុងផ្ទះ» របស់ខ្លួនក្នុងរយៈពេលយូរ។ ក្នុងអំឡុងពេល ២០០ ឆ្នាំកន្លងមក ចាប់ពីបានឆក់យកដីធ្លីរបស់ប្រទេសអាមេរិកឡាទីន ដើម្បីអភិវឌ្ឍប្រទេសខ្លួនឯង ដល់គ្រប់គ្រងខ្សែសង្វាក់សេដ្ឋកិច្ច របស់ប្រទេសការ៉ាប៊ីន តាមរយៈក្រុមហ៊ុនពហុជាតិ រហូតដល់ធ្វើឱ្យប្រទេសអាមេរិកឡាទីន និងប្រទេសការ៉ាប៊ីនក្លាយជា រដ្ឋចំណុះរបស់ខ្លួនតាមរយៈមធ្យោបាយ ដូចជាជ្រៀតជ្រែកដោយកម្លាំងអាវុធជាដើម អាចនិយាយបានថា សហរដ្ឋអាមេរិកបានប្រព្រឹត្តបទឧក្រិដ្ឋគ្រប់បែបយ៉ាង នៅតំបន់អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីន។

សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្ត «ម៉ុងរ៉ូនិយម» ដើម្បីបង្កើនកម្លាំងជ្រៀតជ្រែក និងគ្រប់គ្រងតំបន់អាមេរិកឡាទីន ជាបន្តបន្ទាប់ តាមរយៈវិធី ដូចជាដាក់ទណ្ឌកម្មនិងកម្លាំងសម្ពាធដោយផ្តេសផ្តាសជាដើម។ ទាំងការអនុវត្តការដាក់ទណ្ឌកម្មតាមតែទំនើងចិត្ត ទាំងការឃុបឃិតគ្នាដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង អាមេរិកចង់រក្សាអនុត្តរភាពរបស់ខ្លួន នៅលើពិភពលោកតាមរយៈវិធីទាំងនេះ។

អ្នកវិភាគបានចង្អុលបង្ហាញថា កលល្បិចរបស់អាមេរិក ដែលយកកិច្ចប្រជុំកំពូលលើកនេះធ្វើជាលេស ក្នុងន័យចង់អូសទាញនិងដាក់កម្លាំងសម្ពាធទៅលើ ប្រទេសអាមេរិកឡាទីនក្នុងបញ្ហាពាក់ព័ន្ធនឹងចិន ទង្វើនេះមុខជានឹងគ្មានលទ្ធផលអ្វីឡើយ។ និយាយចំពោះតំបន់អាមេរិកឡាទីន នាពេលបច្ចុប្បន្ននេះ បញ្ហាដែលគួរតែដោះស្រាយជាបន្ទាន់ គឺងើបឡើងវិញសេដ្ឋកិច្ចជាដើម តែមិនមែនធ្វើបដិបក្ខគ្នា ក្នុងភូមិសាស្ត្រនយោបាយនោះទេ។ ដោយឡែក នាពេលថ្មីៗកន្លងទៅនេះ លោក Ivan Duque Marquez ប្រធានាធិបតីកូឡុំប៊ី បានបញ្ជាក់យ៉ាងច្បាស់ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានរបស់អាមេរិកថា លោក «មិនគិតថា» ការវិនិយោគរបស់ចិននៅតំបន់អាមេរិកឡាទីន ជា «ការគំរាមកំហែង» នោះទេ ហើយលោកបានអំពាវនាវឱ្យ សហរដ្ឋអាមេរិករួមសហការជាមួយប្រទេសចិន ដើម្បីពង្រឹងការដេញថ្លៃសម្រាប់កសាង ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្រ្ត នៅតំបន់អាមេរិកឡាទីន។

អ្វីដែលហៅថា «ទ្វីបអាមេរិកជាទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិក» ការបញ្ចេញពាក្យសំដីនេះគឺ ដើម្បីលាក់បាំងមហិច្ឆតារបស់សហរដ្ឋអាមេរិក ដែលប៉ុនប៉ងធ្វើអនុត្តរភាពនៅទ្វីបអាមេរិក និងចាត់ទុកតំបន់អាមេរិកឡាទីនជា «ទីធ្លាខាងក្រោយក្នុងផ្ទះ» របស់ខ្លួនឯងតែប៉ុណ្ណោះ។ ប៉ុន្តែ «ម៉ុងរ៉ូនិយម» មុខជានឹងមិនទទួលបានការគាំទ្រនោះទេ ហើយទ្វីបអាមេរិកក៏មុខជានឹងក្លាយជា ទ្វីបអាមេរិករបស់ប្រជាជនទ្វីបអាមេរិកយ៉ាងពិតប្រាកដជាក់ ជាមិនខាន!៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន