(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Anthony Blinken) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានធ្វើការរិះគន់ សកម្មភាពគំរាមកំហែងដល់ សិទ្ធិសេរីភាពនៃសារព័ត៌មាន នៅក្នុងប្រទេសអាមេរិកឡាទីនមួយចំនួន ហើយលោកក៏បាននិយាយដែរថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើន ការការពារដល់វិស័យសារព័ត៌មាននៅក្នុងតំបន់នេះ ដែលត្រូវបានចាត់ទុកជា តំបន់មានអ្នកកាសែតច្រើនបំផុត ត្រូវបានគេសម្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

ក្នុងព្រឹត្តិការណ៍មួយស្តីពីសេរីភាពសារព័ត៌មាន លោក Blinken បានលើកឡើងថា រដ្ឋាភិបាលប្រទេសមួយចំនួននៅអាមេរិកឡាទីន បាននិងកំពុងប្រើប្រាស់ច្បាប់និងការឃ្លាំមើលយ៉ាងតឹងរ៉ឹង ដើម្បីរាំងខ្ទប់សេរីភាពសារព័ត៌មាន និងបំភិតបំភ័យអ្នកកាសែត។ កំលុងការអត្ថាធិប្បាយនោះ លោក Blinken បានលើកឡើងឈ្មោះរបស់គុយបា នីការ៉ាហ្កា និងវេណេស៊ុយអេឡា ដោយចំៗតែម្តង ខណៈប្រទេសទាំង៣នេះហើយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំកំពូលនៃតំបន់ អាមេរិក។

លោកប្រមុខការទូតអាមេរិក បានសង្កត់ធ្ងន់ដូច្នេះថា «មិនមានតំបន់ណាផ្សេងនៅលើពិភពលោក ដែលជាកន្លែងគ្រោះថ្នាក់ខ្លាំង សម្រាប់ក្រុមអ្នកកាសែត ជាងនេះទៀតឡើយ» ហើយលោកបានអះអាងថា បុគ្គលិកផ្នែកសារព័ត៌មានយ៉ាងហោច១៧នាក់ ត្រូវបានគេសម្លាប់ក្នុងឆ្នាំនេះ នៅតំបន់អាមេរិកឡាទីន ដោយផ្អែកលើប្រភពពី ការតាមដានរបស់អង្គការយូណេស្កូ (UNESCO) លើចំនួនអ្នកសារព័ត៌មាន ដែលត្រូវបានគេធ្វើឃាតនៅជុំវិញពិភពលោក។ លោក Blinken ក៏បានរិះគន់ អែលសាល់វ៉ាឌ័រផងដែរ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកកាសែតអង់គ្លេសមួយរូប ទើបតែបានបាត់ខ្លួននៅក្នុងប្រទេសប្រេស៉ីល ពេលកំពុងយក ព័ត៌មាន នៅកន្លែងដាច់ស្រយាល និងគ្មានច្បាប់ទម្លាប់មួយ នៃតំបន់ព្រៃអាម៉ាហ្សូន ក្បែរព្រំប្រទល់ជាប្រទេសប៉េរូ៕