(វ៉ាស៉ីនតោន)៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែនកោះម៉ាសសាល (Marshall) នៅសប្តាហ៍ក្រោយនេះ ចំពេលមានការកើនឡើងនៃការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការពង្រីកឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

លោក ចូសែប យុន (Joseph Yun) អតីតមន្រ្តីការទូតជាន់ខ្ពស់ម្នាក់ដែលត្រូវបានតែងតាំងជាបេសកជនពិសេសដោយ លោក បៃដិន កាលពីខែមីនា កន្លងទៅនេះ បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាលោក និងក្រុមការងាររបស់លោក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែនកោះ Marshall ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។

ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក, លោក Yun នឹងបើកកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងមានឈ្មោះថា Compact of Free Association (COFA) ដែលគ្រប់គ្រងជំនួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសដែនកោះ Marshall និងដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ។ សហរដ្ឋអាមេរិក ក៏មានកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយប្រទេសដែនកោះមីក្រូនេស៉ី (Micronesia) និងប៉ាឡូ (Palau) ផងដែរ ដែលនឹងផុតកំណត់នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខនេះ ហើយលោក Yun ក៏ទទួលខុសត្រូវចំពោះកិច្ចចរចាទាំងនោះផងដែរ។

លោក Yun បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមេដឹកនាំនៃបណ្ដាប្រទេសដែនកោះទាំង៣រួចហើយ ប៉ុន្តែដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែនកោះ Marshall នឹងបង្ហាញពីកិច្ចចរចាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីវាត្រូវបានជាប់គាំងយ៉ាងទូលំទូលាយកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

គួរបញ្ជាក់ថា បណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក បានលេចចេញជាមុខមាត់ដ៏សំខាន់ក្នុងការប្រកួតប្រជែងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងប៉េកាំង ដែលបានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីទាក់ទាញបណ្ដាប្រទេសក្នុងតំបន់។ លោក បៃដិន និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង កាលពីសប្តាហ៍មុន អំពីការចុះកិច្ចព្រមព្រៀងសន្តិសុខរវាងប្រទេសចិន និងប្រទេសដែនកោះសូឡូម៉ុន (Solomon) ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក៕