(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន ចង់បង្កើនកញ្ចប់ថវិកាយោធា ក្នុងពេល ៥ឆ្នាំខាងមុខ ដោយលើកឡើងពីការព្រួយបារម្ភអំពីការគំរាមកំហែងនានា ដែលកោះតៃវ៉ាន់ កំពុងប្រឈម។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

ការអំពាវនាវឱ្យមានការបង្កើនកញ្ចប់ថវិកាយោធាខាងលើ ធ្វើឡើងនៅក្នុងឯកសារព្រាងគោលនយោបាយសេដ្ឋកិច្ចប្រចាំឆ្នាំមួយ ហើយវាក៏ជាលើកទីមួយដែរ ដែល ឯកសាររបស់ជប៉ុនលើកឡើងទាំងការបង្កើនកញ្ចប់ថវិកាយោធា និងការបារម្ភពីការគំរាមកំហែងដែលតៃវ៉ាន់កំពុងប្រឈម។ ឯកសារនេះដដែល គ្រប់ដណ្តប់ ចាប់ពីបញ្ហាសន្តិសុខថាមពល រហូតដល់គោលនយោបាយសេដ្ឋកិច្ច «មូលធននិយមថ្មី» របស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា។ តែមិនបានបញ្ជាក់អំពីតួលេខដែលស្នើលើកញ្ចប់ថវិកាយោធាថ្មីនេះទេ។

គួរបញ្ជាក់ថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុងតូក្យូ កាលពី ខែឧសភា ជប៉ុន និងសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព នៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយលោក បៃដិន ថែមទាំងបាន លើកឡើងអំពីឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រើប្រាស់កម្លាំងដើម្បីការពារតៃវ៉ាន់ប្រឆាំង នឹងការវាយប្រហារណាមួយដោយប្រទេសចិនទៀតផង៕