(ប៊ែរឡាំង)៖ ប្រភពមន្ត្រីប៉ូលីស​បាន​ឲ្យដឹងថា មនុស្ស​ពីរ​នាក់​បានស្លាប់ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​ ស្ថិតភាគ​កណ្តាល​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​អង្គារ ទី៧ ខែមិថុនានេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

យោងតាមប៉ូលីសបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១រសៀល (ម៉ោងក្នុងស្រុក) នៅក្នុងតំបន់ Schwalmstadt-Treysa ដែលជាទីក្រុងមួយដែលមានមនុស្សប្រហែល ៨,៥០០នាក់រស់នៅស្ថិតភាគឦសាន នៃរដ្ឋធានីហិរញ្ញវត្ថុ Frankfurt របស់ប្រទេសអាល្លឺម៉ង់។

ប្រភពដដែលនេះបានបន្តថា មិន​ទាន់​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ឲ្យច្បាស់នោះទេ។ ប៉ុន្តែកាសែតក្នុងតំបន់ HNA បានដកស្រង់សាក្សីដែលឃើញផ្ទាល់ភ្នែកថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ ហើយបន្ទាប់មកក៏បានសម្លាប់ខ្លួនឯងក្នុងហាងលក់សម្លៀកបំពាក់ Aldi៕