(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៩៦០ករណីទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីៗប្រចាំថ្ងៃនេះចំនួន ១៩២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Yên Bái មានចំនួន ៦៧ករណី និងខេត្ត Phú Thọ ចំនួន ៥៥ករណី។

ទោះជាយ៉ាងណាក្នុងរបាយការណ៍ថ្ងៃអង្គារនេះ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧២៧,០០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៥២៣,២៩០នាក់ និងស្លាប់សរុបចំនួន ៤៣,០៨១នាក់៕