(ញូដេលី)៖ ក្រសួងការពារជាតិនៃប្រទេសឥណ្ឌាបានឱ្យដឹងថា ឥណ្ឌាទើបតែទទួលជោគជ័យក្នុងការធ្វើតេស្តមីស៉ីលផ្លោង អាកនី-៤ (Agni-4) ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ខណៈវាជាមីស៉ីលដែលឥណ្ឌាអភិវឌ្ឍឡើងដោយផ្ទាល់ដៃ នៅក្នុងស្រុក ហើយត្រូវគេអះអាងថា អាចវាយប្រហារលើគោលដៅ ដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យោធាឥណ្ឌា ការធ្វើតេស្តមីស៉ីលនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅកោះ អាប់ឌុល កាឡាំ (Abdul Kalam) នៃរដ្ឋអូឌីស្សា (Odisha) ហើយវាបានប្រព្រឹត្តទៅ ដោយពុំមានជួបបញ្ហាគួរឱ្យកត់សម្គាល់អ្វីទាំងអស់ ដែលត្រូវបានចាត់ទុកជា ការសាកល្បងដោយជោគជ័យ។

គួរបញ្ជាក់ថា មីស៉ីលផ្លោង Agni-4 គឺជាមីស៉ីលរយៈចម្ងាយមធ្យម ដែលអាចវាយប្រហារលើគោលដៅ ស្ថិតនៅចម្ងាយរហូតដល់ ៤,០០០គីឡូម៉ែត្រ ហើយផ្ទុកក្បាលគ្រាប់បានទម្ងន់ ១,០០០គីឡូក្រាមចំនួន១គ្រាប់ ខណៈក្បាលគ្រាប់នោះ អាចជាប្រភេទក្បាលគ្រាប់នុយក្លេអ៊ែរក៏បាន។ លើកចុងក្រោយ ដែលឥណ្ឌាបានធ្វើតេស្តមីស៉ីលផ្លោងនេះ នាពេលកន្លងមក គឺកាលពីឆ្នាំ២០១៨។ ដោយឡែក ទីក្រុងញូដេលីក៏បានធ្វើតេស្តជាច្រើនលើកចំពោះ មីស៉ីលផ្លោង Agni-5 ដែលជាមីស៉ីលផ្លោងប្រភេទអន្តរទ្វីប ICBM ដែលមានរយៈចម្ងាយឆ្ងាយខ្លាំងជាងមីស៉ីល Agni-4 ផងដែរ៕