(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានប្រកាសថា នឹងដាក់ទណ្ឌកម្មប្រឆាំងធនាគាររុស្ស៉ីចំនួនពីរ និងធនាគារបេឡារុសចំនួនមួយ ហើយនឹងពង្រីកបន្ថែមនូវ ការហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៉ី ដោយសារតែស្ថានការណ៍ជុំវិញសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន ទំនិញដែលនឹងត្រូវហាមឃាត់ការនាំចេញ គឺជាទំនិញទាំងឡាយ ដែល «រួមចំណែកដល់ ការកសាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម»។ ប៉ុន្តែមិនបានបញ្ជាក់លម្អិត អំពីផលិតផលជាក់លាក់ណាមួយ នៅឡើយទេ។

លើសពីនេះ កញ្ចប់ទណ្ឌកម្មថ្មីខាងលើ នឹងរួមបញ្ចូលការបង្កកទ្រព្យសកម្មរបស់ធនាគារចំនួន៣ រួមមាន ធនាគារកសិកម្មរុស្ស៉ី ធនាគារឥណទានរុស្ស៉ី និងធនាគារបេឡារុសសម្រាប់ការអភិវឌ្ឍន៍ និងការកសាងឡើងវិញ។ ការទូទាត់និងការធ្វើប្រតិបត្តិការ ជាមួយធនាគារទាំងនេះ នាពេលឥឡូវ អាចប្រព្រឹត្តទៅបានលុះត្រាតែ មានការអនុញ្ញាតពីអាជ្ញាធរជប៉ុន។ ទណ្ឌកម្មថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី៧ ខែកក្កដាខាងមុខតទៅ។

គួរបញ្ជាក់ថា កន្លងមក ជប៉ុនបានដាក់ចេញកញ្ចប់ទណ្ឌកម្មមួយចំនួនរួចស្រេចទៅហើយ ប្រឆាំងនឹងប្រទេសរុស្ស៉ី ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានបុគ្គល ក្រុមហ៊ុន និងអង្គការរុស្ស៉ីជាច្រើន៕