(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មទៅលើ មន្រ្តីរដ្ឋាភិបាលអាមេរិកសរុបចំនួន ៦១រូប រួមមានទាំងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី ចាណេត យេឡេន (Janet Yellen) និងរដ្ឋមន្រ្តីថាមពលលោកស្រី ចេននីហ្វឺ ហ្ក្រានហូម (Jennifer Granholm) ព្រមទាំងនាយកក្រុមហ៊ុនក្នុងវិស័យផ្សេងៗ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ ដែលនឹងហាមឃាត់បុគ្គលមានឈ្មោះក្នុងបញ្ជី មិនឱ្យចូលប្រទេសរុស្ស៉ី គឺជាចំណាត់ការឆ្លើយតបមួយ ចំពោះអ្វីដែលខ្លួនចាត់ទុកថាជា ការបង្កើនទណ្ឌកម្មជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក ប្រឆាំងមកលើ បុគ្គលសាធារណៈនិងអ្នកនយោបាយរបស់រុស្ស៉ី ព្រមទាំងអ្នកតំណាងនៃក្រុមហ៊ុនអាជីវកម្មផ្សេងៗ នៅក្នុងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៉ី បុគ្គលដែលជាប់ទណ្ឌកម្មថ្មីខាងលើ រួមមានក្រុមអ្នកដែលជា ថ្នាក់ដឹកនាំនៅតាម ក្រុមហ៊ុនផ្នែកឧស្សាហកម្មយោធា, ប្រព័ន្ធផ្សព្វផ្សាយ, ហិរញ្ញវត្ថុ, អាកាសចរណ៍, ផលិតនាវា ក៏ដូចជាមន្រ្តីរដ្ឋាភិបាលអាមេរិក៕