(ម៉ិកស៉ីកូស៉ីធី)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុង ឡូស អាន់ជែលឡែស (Los Angeles) សហរដ្ឋអាមេរិក នៅសប្តាហ៍នេះទេ ដោយសារតែគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់មិនត្រូវបានអញ្ជើញ។ ប៉ុន្តែលោកនឹងទៅជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅខែកក្កដាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

លោក Lopez Obrador បានគូសបញ្ជាក់ប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិកនោះទេ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសម៉ិកស៉ិក លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) នឹងទៅចូលរួមជំនួសរូបលោក ដូចដែលលោកបានបញ្ជាក់ពីមុន បន្ទាប់ពីមន្ត្រីសេតវិមាន បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចដក រដ្ឋាភិបាលនៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា ចេញពីកិច្ចប្រជុំកំពូលអាមេរិក។

លោក Lopez Obrador បានបន្ថែមថា លោកនឹងប្រើដំណើរទស្សនកិច្ចរបស់លោក នៅខែកក្កដាខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាអន្តោប្រវេសន៍ និងជំរុញឱ្យមានការវិនិយោគរបស់សហរដ្ឋអាមេរិកបន្ថែមទៀតនៅក្នុងតំបន់អាមេរិកកណ្តាល ដើម្បីជួយដោះស្រាយបញ្ហាឫសគល់នៃវិបត្តិមួយនេះ។

គួរបញ្ជាក់ថា លោក Lopez Obrador គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជាច្រើនដែលបានព្រមានថា នឹងមិនទៅចូលរួម ប្រសិនបើគ្រប់ប្រទេសទាំងអស់ នៅក្នុងតំបន់មិនត្រូវបានអញ្ជើញឱ្យចួលរួមកិច្ចប្រជុំកំពូលអាមេរិក ដែលនេះអាចនឹងបង្កការលំបាកដល់សហរដ្ឋអាមេរិក ក្នុងការស្ដារទំនាក់ទំនងនៅក្នុងតំបន់ ឡើងវិញ ក្រោយរកាំរកូសក្រោមជំនាន់លោក ដូណាល់ ត្រាំ៕