(ហាណូយ)៖ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម និងចៅហ្វាយក្រុងហាណូយ ត្រូវបានបណ្ដេញចេញពីគណបក្សកុម្មុយនិស្ដ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពី រងការចោទប្រកាន់ជុំវិញរឿងអាស្រូវពុករលួយក្នុងទំហំទឹកប្រាក់ ១៧២លានដុល្លារ ពាក់ព័ន្ធនឹងការលក់ឧបករណ៍ធ្វើតេស្ដរកមេរោគ COVID-19។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានបញ្ជាក់ដូច្នេះថា « គណៈកម្មាធិការមជ្ឈិមបក្ស បានសម្រេចចិត្តបណ្ដេញ លោក គ្វៀង ថាញ់ឡុង (រដ្ឋមន្ត្រីសុខាភិបាល) និងលោក ឈូ ងុក អាញ់ (ចៅហ្វាយក្រុងហាណូយ) ចេញពីគណបក្ស»

គួរបញ្ជាក់ថា លោក គ្វៀង ថាញ់ឡុង និងលោក ឈូ ងុក អាញ់ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមហ៊ុន Viet A Technologies និងសូកប៉ាន់ក្រុមមន្ត្រីសុខាភិបាលមួយចំនួន ឱ្យលក់ឧបករណ៍ធ្វើតេស្ដរកមេរោគកូវីដ-១៩ លើសតម្លៃកំណត់ ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) ប្រចាំខេត្ត៕