(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលបណ្តាលឱ្យអាកាសយានិកម្នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

កងទ័ពជើងទឹកអាមេរិកបានចេញសេចក្តីប្រកាសព័ត៌មានមួយថា ពីឡុតឈ្មោះ រីឆាដ ប៊ូលឡក់ (Richard Bullock) ដែលឈរជើងនៅមូលដ្ឋានយោធា ក្នុងទីក្រុងលេម័រ (Lemoore) នៃរដ្ឋ California បានស្លាប់ នៅពេលដែលយន្តហោះចម្បាំងធុន F/A-18-E Super Hornet របស់លោក បានធ្លាក់នៅបរិវេណតំបន់ត្រូណា (Trona) នាវេលាម៉ោងប្រហែល ២៖៣០នាទីរសៀលថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់នៅសហរដ្ឋអាមេរិក)។

យោងតាមប្រភពខាងលើគឺ លោក Bullock ស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺនជាប្រចាំមួយ មុនពេលដែលយន្តហោះលោកធ្លាក់ ខណៈហេតុការណ៍នោះ មិនបានបង្កឱ្យមានជនស៉ីវិលណាម្នាក់រងគ្រោះថ្នាក់ឡើយ ដ្បិតវាកើតឡើងនៅកន្លែងដាច់ស្រយាល គ្មានមនុស្សរស់នៅ ក្បែរតំបន់សម្រាប់ការហ្វឹកហ្វឺនរបស់ពីឡុតអាមេរិក។ ជាមួយគ្នានេះ ការស៉ើបអង្កេតក៏បានប្រព្រឹត្តទៅផងដែរ។

គួរបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ធ្លាប់មានករណីធ្លាក់យន្តហោះចម្បាំងស្រដៀងគ្នា បានកើតឡើងនៅម្តុំតំបន់នោះ ដោយ១ករណី បណ្តាលឱ្យពីឡុតម្នាក់ស្លាប់។ នៅខែតុលា ឆ្នាំ២០២១ យន្តហោះចម្បាំង F/A-18F មួយគ្រឿង បានធ្លាក់នៅតំបន់ ដេស វ៉ាល់ឡេ (Death Valley) ដែលធ្វើឱ្យពីឡុតរងរបួស ខណៈកាលពីឆ្នាំ២០២០ ពីឡុតម្នាក់ទៀត បានចុចកៅអីលោតចេញពីយន្តហោះ F/A-18E មួយគ្រឿង ទាន់ពេលវេលា មុនពេលវាធ្លាក់នៅតំបន់ ឆាយណា ឡេក (China Lake)។ រីឯកាលពីឆ្នាំ២០១៩ ពីឡុតម្នាក់បានបាត់បង់ជីវិត ក្រោយយន្តហោះ F/A-18E មួយគ្រឿង ធ្លាក់នៅតំបន់ Death Valley កំលុងការហោះហើរហ្វឹកហ្វឺន៕