(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ កម្មវិធីស្បៀងអាហារពិភពលោកបានចេញសេចកី្តព្រមានថា មនុស្សលោកប្រហែលនឹងប្រឈមនឹង «វិបតិ្តស្បៀងអាហារធ្ងន់ធ្ងរជាងគេបន្ទាប់សង្គ្រាមលោកលើកទីពីរ» នឹងមានមនុស្សចំនួនច្រើនដល់១,៧០០លាននាក់ បាននិងកំពុងរងផលប៉ះពាល់ពី ការបំផ្លិចបំផ្លាញនៃប្រព័ន្ធស្បៀងអាហារ ថាមពលនិងហិរញ្ញវត្ថុ ហើយនិងបណ្តាលឱ្យបញ្ហាភាពក្រីក្រ និងអត់ឃ្លានមានភាពកាន់តែអាប់អួរទៅៗ។

ចាប់ពីឆ្នាំ២០២០មក ដោយរងឥទ្ធិពលជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុអាក្រក់ជាដើម បណ្តាលឱ្យពិភពលោកប្រឈមនឹង សន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ចាប់ពីខែកុម្ភៈឆ្នាំនេះមក យោងតាមរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះការប៉ះទង្គិច ប្រទេសលោកខាងលិចដូចជាអាមេរិកជាដើម បានដាក់ទណ្ឌកម្មខ្លាំងទៅលើរុស្ស៊ី ហើយបានទប់ស្កាត់ការនាំចេញរបស់រុស្ស៊ី បានបណ្តាលឱ្យតម្លៃធញ្ញជាតិ ប្រេងបរិភោគ ជីគីមី និងថាមពលបានឡើងថ្លៃយ៉ាងខ្លាំង ប្រការនេះបានគំរាមកំហែងយ៉ាងខ្លាំង ចំពោះផលិតកម្មនិងការផ្គត់ផ្គង់របស់គ្រឿងឧបភោគបរិភោគ នៅលើពិភពលោក ហើយបណ្តាលឱ្យវិបតិ្តស្បៀងអាហារនៅលើពិភពលោក មានភាពធ្ងន់ធ្ងរថែមមួយកម្រិតទៀត។

បញ្ហាសន្តិសុខស្បៀងអាហារជាសកលទទួលបាន ការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងពីសំណាក់ប្រជាជន ក្នុងយុគសម័យសកលភាវូបនីយកម្ម វិបត្តិស្បៀងអាហារគ្មានព្រំដែនកំណត់ ដូច្នេះគ្មានប្រទេសណាមួយ អាចយករួចខ្លួនតែឯងនោះទេ។ ក្នុងនាមជាប្រទេសមួយដែលមានប្រជាជនជាង ១,៤០០លាននាក់ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ទៅលើ ការបង្កបង្កើនកសិផលនិងសន្តិសុខស្បៀងអាហារ។ បច្ចុប្បន្ននេះ ប្រទេសចិនជាប្រទេសបង្កបង្កើនស្បៀងអាហារធំជាងគេ និងប្រទេសនាំចេញស្បៀងអាហារធំទីបីនៅលើពិភពលោក។

ប្រទេសចិនបានប្រើប្រាស់ទំហំដីមិនដល់ ៩ភាគរយនៃផ្ទៃដីសរុបពិភពលោក សម្រេចបាននូវការបង្កបង្កើនស្បៀងអាហារ ចំនួនប្រហែល១ភាគ៤ នៃស្បៀងអាហារសកលលោកទាំងមូល ហើយបានចិញ្ចឹមបីបាច់ប្រជាជនជិត១ភាគ៥ នៃចំនួនប្រជាជននៅទូទាំងពិភពលោក។ លោកស្រី Kalibata បេសកជនពិសេសនៃកិច្ចប្រជុំកំពូលស្បៀងអាហារ របស់អង្គការសហប្រជាជាតិបានថ្លែងថា «ប្រទេសចិនបានគ្រប់គ្រងបានល្អនូវ ការស្តុកទុកស្បៀងអាហាររបស់ខ្លួន ប្រការនេះមិនគ្រាន់តែបានផ្តល់ការធានា ខាងស្បៀងអាហារដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួចចំណែកដល់ សន្តិសុខស្បៀងអាហាររបស់ ប្រជាជនពិភពលោកផងដែរ»

ខណៈពេលផ្តល់ការធានាដល់សន្តិសុខស្បៀងអាហាររបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំ ប្រទេសចិនក៏បានអំពាវនាវជាប់ជានិច្ច ឱ្យសហគមន៍អន្តរជាតិបង្កើនប្រតិបតិ្តសម្របសម្រួល និងចាត់ទុកសន្តិសុខស្បៀងអាហារជាវិស័យសហប្រតិបតិ្តការដ៏សំខាន់ ។ ប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបរិច្ចាគប្រាក់១៣០លានដុល្លារអាមេរិក ដល់មូលនិធិកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ នៃអង្គការស្បៀងនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ជាងនេះទៅទៀត ក៏បានចាត់បញ្ជូនអ្នកជំនាញ និងបុគ្គលិកបច្ចេកទេសជាច្រើនទៅកាន់ទ្វីបអាហ្វ្រិក តំបន់អាមេរិកឡាទីននិងការ៉ាប៊ីន និងប្រទេសនៅប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយជាទឹកប្រាក់ច្រើនជាងគេ ចាត់បញ្ជូនអ្នកជំនាញច្រើនជាងគេ និងអនុវត្តកម្មវិធីច្រើនជាងគេ។

នាពេលថ្មីៗកន្លងទៅនេះ ប្រទេសលោកខាងលិចមួយចំនួនតូច បានលេចចេញពាក្យសំដីរិះគន់ប្រទេសចិន ស្តុកទុកស្បៀងអាហារក្នុងទីផ្សារអន្តរជាតិ ទាក់ទិននឹងរឿងនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបថា ប្រទេសចិនមានលក្ខណៈសម្បតិ្ត សមត្ថភាពនិងជំនឿចិត្តគ្រប់គ្រាន់ កាន់ចានបាយប្រជាជនចិនយ៉ាងរឹងមាំនៅក្នុងដៃរបស់ខ្លួន មិនបាច់ស្តុកទុកស្បៀងអាហារក្នុងទីផ្សារអន្តរជាតិទេ។

សូមបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩បានរីករាលដាល ប្រទេសចិនបានសកម្មឆ្លើយតបនឹង គំនិតផ្តួចផ្តើមរបស់អង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើម ដែលបានផ្តល់ជំនួយជាស្បៀងអាហារជាបន្ទាន់ ដល់ប្រទេសអាហ្វហ្កានីស្ថាន ស្រីលង្កា កេនយ៉ា អ៊ូហ្កង់ដា លីបេរីយ៉ាជាដើម។ លើវិស័យអភិបាលកិច្ចស្បៀងអាហារជាសកល ជានិច្ចកាល ប្រទេសចិនបានរួមចំណែកពុទ្ធិចិន គម្រោងចិននិងកម្លាំងចិនក្នុងការដោះស្រាយ បញ្ហាសន្តិសុខស្បៀងអាហារជាសកល។

ប្រឈមនឹងបញ្ហាសន្តិសុខស្បៀងអាហារជាសកល ដែលមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងវិបត្តិស្បៀងអាហារ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏អំពាវនាវឱ្យអាមេរិកនិងប្រទេសលោកខាងលិច លុបចោលការដាក់កំហិតដោយឯកតោភាគី លើវិស័យការបង្កបង្កើនផលនិងការនាំចេញក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយកម្លាំងសម្ពាធទៅលើ ការផ្គត់ផ្គង់កសិផលនិងការឡើងថ្លៃស្បៀងអាហារ ក៏ដូចជាបំពេញភារកិច្ចអន្តរជាតិរបស់ខ្លួន និងទទួលរ៉ាប់រងទំនួលខុសត្រូវអន្តរជាតិរបស់ខ្លួន។ ធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អសិន ប្រសើរជាងរិះរកគ្រប់កលល្បិច ដើម្បីបង្កររឿងជាមួយប្រទេសដទៃ៕

ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន