(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថាចក្រភពអង់គ្លេសបានផ្ដល់អាវុធដែលទីក្រុងកៀវ ត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធក្នុងសង្រ្គាមជាមួយរុស្ស៉ី ហើយក៏បានអរគុណដល់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុនផងដែរ សម្រាប់ការបំពេញតាមការចង់ បាននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើង បន្ទាប់ពីចក្រភពអង់គ្លេសបានប្រកាសបញ្ជូនប្រព័ន្ធមីស៊ីលដែលបានអាចបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ ឱ្យអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដែលទើបតែប្រកាសផ្ដល់ប្រព័ន្ធមីស៊ីលបែបនេះឱ្យទីក្រុងកៀវ ភ្ជាប់ ជាមួយលក្ខខណ្ឌហាមបាញ់ចូលទឹកដីរុស្ស៉ី។

នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន ចំពោះការ បំពេញតម្រូវការចាំបាច់របស់ពួកយើង និងត្រៀមខ្លួនផ្ដល់ឱ្យអ៊ុយក្រែននូវអាវុធដែលត្រូវការជាចាំបាច់ ដើម្បីការពារអាយុជីវិតប្រជាជនរបស់ពួកយើង»។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទាហានរុស្ស៉ី និងអ៊ុយក្រែន កំពុងបង្កើនការវាយប្រហារដាក់គ្នាទៅវិញទៅមក នៅក្នុងទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) នៅភាគខាងកើតប្រទេសអ៊ុយក្រែនជាសមរភូមិសង្រ្គាមដ៏សំខាន់ដែលមូស្គូកំពុងផ្ដោត៕