(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដោយទទួលបានសំឡេងគាំទ្រ ភាគច្រើនគ្រប់គ្រាន់ ពីសមាជិកសភាមកពីគណបក្សអភិរក្សនិយម បើទោះជាមានការមិនពេញចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) លោក ចនសុន ទទួលបានសំឡេងគាំទ្រ ៥៩ភាគរយ ជាមួយសំឡេងបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្តពីសមាជិកសភាអភិរក្សនិយម ២១១នាក់ ខណៈ១៤៨នាក់បោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹង រូបលោក។ ក្រោយទទួលបានជ័យជម្នះនេះ លោក ចនសុន ផ្ទាល់បានហៅការបោះឆ្នោតដកសេចក្ដីទុកចិត្ត គឺជាការសម្រេចចិត្តផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ការបោះឆ្នោតដកសេចក្ដីទុកខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក បូរីស ចនសុន បានបង្កភាពចម្រូងចម្រាស បន្ទាប់ពីលេចធ្លាយវីដេអូមួយ កាលពីប៉ុន្មានខែកន្លងទៅនេះដែលបង្ហាញថាលោកបានចូលរួមក្នុងពិធីជប់លៀងមួយ ទាំងដែលអង់គ្លេសកំពុងអនុវត្តវិធានការបិទខ្ទប់ប្រឆាំងកូវីដ-១៩៕