(សាន់ដូមុំាង)៖ រដ្ឋាភិបាលសាធារណរដ្ឋដូមីនីក បានឱ្យដឹងថារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ័រលែនដូ ហ័កម៉េរា (Orlando Jorge Mera) ត្រូវបានខ្មាន់ កាំភ្លើងម្នាក់ដែលជាអ្នកជំនួញ និងជាមិត្តម្នាក់របស់លោក បាញ់សម្លាប់កំលុងកិច្ចប្រជុំមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

លោក អ័រលែនដូ ហ័កម៉េរា មានអាយុ ៥៥ឆ្នាំ គឺជាកូនប្រុសរបស់អតីតប្រធានាធិបតីសាធារណរដ្ឋដូមីនីក លោក សាល់វ៉ាដ័រ ហ័ក ប្លាំងកូ (Salvador Jorge Blanco) ហើយបានដឹកនាំក្រសួងបរិស្ថានដូមីនីក ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២០ មក។ ថ្លែងប្រាប់អ្នកសារព័ត៌មានជុំវិញករណីឃាតកម្មនេះ អ្នកនាំាពាក្យការិយាល័យប្រធានាធិបតីសាធារណរដ្ឋដូមីនីក លោក ហូមេរ៉ូ ហ្វីហ្គេរ៉ូអា (Homero Figueroa) បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មានដែលយើង ទទួលបាន គឺបញ្ជាក់ថានៅព្រឹកនេះ (ថ្ងៃចន្ទ) រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបាត់បង់ជីវិត បន្ទាប់ពីរងការបាញ់ប្រហារនៅក្នុងការិយាល័យរបស់លោកផ្ទាល់»

គួរបញ្ជាក់ថា បើតាមលោក ហ្វីហ្គេរ៉ូអា បុរសម្នាក់ឈ្មោះ មីហ្គែល គ្រុស (Miguel Cruz) ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាខ្មាន់កាំភ្លើង គឺជាមិត្តម្នាក់ របស់លោក ហ័កម៉េរា ហើយពេលនេះជនសង្ស័យកំពុងស្ថិតនៅក្រោមការឃុំខ្លួន រីឯចេតនានៅពីក្រោយឃាតកម្មនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕