(ប៉េកាំង)៖ អវកាសយានិកចិន៣នាក់ទៀត បានធ្វើដំណើរឡើងទៅដល់ស្ថានីយអវកាសរបស់ចិនផ្ទាល់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈពួកគេជាអវកាសយានិកក្រុមទី៣ហើយ ដែលបានធ្វើយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

អវកាសយានិកចិនទាំង៣រូប បានធ្វើដំណើរតាមគ្រាប់រ៉ុក្កែត Long March-2F ក្នុងបេសកកម្ម សិនចូវ-១៤ (Shenzhou-14) ចេញពី មជ្ឈមណ្ឌលបង្ហោះយានអវកាស ជីក្វាន (Jiuquan) ដែលស្ថិតនៅតំបន់វាលខ្សាច់ ហ្កោពី (Gobi) ភាគពាយព្យនៃប្រទេសចិន កាលពីវេលា១០៖៤៤នាទីព្រឹកថ្ងៃអាទិត្យ។ ពួកគេបានចូលទៅដល់ក្នុង កំណាត់បន្ទប់ស្នូលនៃស្ថានីយអវកាស ធានកុង (Tiangong) នៅម៉ោង៨៖៥០នាទីយប់។ អ្នកទាំង៣ នឹងត្រូវស្នាក់នៅព្រមទាំងបំពេញការងារនៅទីនោះ សម្រាប់រយៈពេល៦ខែ។

គួរបញ្ជាក់ថា Shenzhou-14 ជាបេសកកម្មទី៣ ក្នុងចំណោមបេសកកម្មបញ្ជូនអវកាសយានិក សរុបទាំងអស់ចំនួន៤ជើង ហើយជាបេសកកម្មទី៧ នៃបេសកកម្មសរុបទាំងអស់ចំនួន១១ ដែលចាំបាច់ក្នុងការសាងសង់ស្ថានីយអវកាសចិន ឱ្យរួចរាល់ជាស្ថាពរ នៅមុនដំណាច់ឆ្នាំនេះ។ ចិនបានចាប់ផ្តើម ការសាងសង់ស្ថានីយអវកាសនេះ កាលពីខែមេសា ឆ្នាំ២០២១ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូលឈ្មោះ ធានហ៉ី (Tianhe) ឡើងទៅមុនគេ៕