(វ៉ាស៉ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅវ៉ាស៉ីនតោន) បានធ្វើការសម្រេចចិត្ត ចុងក្រោយ ក្នុងការដករដ្ឋាភិបាលនៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្កា ចេញពីកិច្ចប្រជុំកំពូលអាមេរិក បើទោះបីជាមានការព្រមានពី ប្រធានាធិបតីម៉ិកស៉ិក មិនចូលរូមកិច្ចប្រជុំ លុះត្រាតែប្រទេសក្នុងតំបន់ត្រូវបានអញ្ជើញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានធ្វើតាមការពិចារណាដ៏តឹងតែងអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ គឺមានការប្រថុយប្រថានណាស់ នឹងការធ្វើពហិការដ៏អាម៉ាស់ចំពោះការជួបជុំដែលរៀបចំដោយសហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ក្នុងទីក្រុង ឡូស អាន់ជែលឡែស (Los Angeles) ប្រសិនបើប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) និងមេដឹកនាំមួយចំនួនទៀត ជ្រើសរើសមិនបង្ហាញខ្លួន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិកលើកទី៩ ដែលចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមិថុនាខាងមុខនេះ និងជាលើកដំបូងចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងម៉ាយអាមី (Miami) ក្នុងឆ្នាំ១៩៩៤។ កិច្ចប្រជុំកំពូលនេះ តែងតែប្រព្រឹត្តទៅជារៀងរាល់ ៣ឆ្នាំម្តង៕